(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទំនាស់ដីធ្លីរាំរ៉ៃរយៈពេល ២២ឆ្នាំ របស់ប្រជាពលរដ្ឋអតីតខ្មែរក្រហម និងក្រុមហ៊ុនថៃសួគ៍ នៅចំណុចបឹងជម្រុក និងចំណុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លើផ្ទៃដីជាង ១ពាន់ ហិកតា ត្រូវបានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដឹកនាំដោះស្រាយបញ្ជប់ទំនាស់ តាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល និងកំពុងប្រើប្រាស់គ្រឿងចក្រចុះរៀបចំអភិវឌ្ឍន៍ តាមប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន។

ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅចំណុចដីទំនាស់ខាងលើ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា ឯកឧត្តម ចុះមកដោះស្រាយទំនាស់ដីធ្លីដ៏រាំរ៉ៃ ២២ឆ្នាំនេះ ជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុត លើសុខទុក្ខរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឲ្យឯកឧត្តម េះនិងក្រុមការងារសហការជាមួយអាជ្ញាធរមន្ត្រីជំនាញ ដើម្បីដោះស្រាយទំនាស់ និងអភិវឌ្ឍន៍ភូមិខាងលើឲ្យបានល្អប្រសើរ។

ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីដាក់បទបញ្ជាឲ្យដោះស្រាយទំនាស់ដីធ្លី រួចហើយ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អំណោយដ៏ថ្លៃថ្លា ជាចំណងដៃដល់ប្រជាពលរដ្ឋ មានសាលារៀន មណ្ឌលសុខភាព រៀបចំប្រព័ន្ធទឹកភ្លើង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់អាគារររដ្ឋបាលផ្សេង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ភូមិថ្មី មានឈ្មោះថា (ភូមិអភិវឌ្ឍន៍តេជោ) ដោយរៀបចំដីឡូតិ៍ លើជូនពលរដ្ឋជាង១ពាន់គ្រួសារ លើផ្ទៃ៣០០ហិកតាផងដែរ។

ឯកឧត្តម បានអំពាវនាវក្រោយពេល សម្តេចតេជោ ប្រគល់ជូនសាលារៀនរួចហើយ សូមឲ្យអាណាព្យាបាលទាំងអស់ ត្រូវបញ្ជូនកូនទៅរៀនឲ្យបានគ្រប់គ្នា ដើម្បីទទួលបានចំណេះដឹង ក្លាយជាមនុស្សដែលមានធនធានចំណេះដឹង សំរាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕