(បន្ទាយមានជ័យ)៖ ផ្លែឈើចម្រុះនាំចូលពីប្រទេសថៃ ចំនួន ៧មុខ ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករត្រួតពិនិត្យគុណភាព វិភាគរកសារធាតុគីមី ហាមឃាត់ដែលជាសំណល់ថ្នាំកសិកម្ម ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន កាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងថ្មីៗនេះ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានប្រាប់ថា ការដកយកសំណាកគំរូផ្លែឈើចម្រុះពីក្នុងរថយន្ត ១គ្រឿង ដែលមន្ត្រីគយ និងរដ្ឋាករខេត្ត ឃាត់ទុកនៅទីស្នាក់ការគយ និងរដ្ឋាករខេត្ត។ ដកសំណាកគំរូ មានចំនួន ៧គំរូវិភាគ រួមមាន៖ ផ្លែប្រឡុងកុង ផ្លែប៉ោម ផ្លែក្រូចខ្វិចតូច ផ្លែក្រូចខ្វិចធំ ផ្លែទំពាំងបាយជូរក្រហម ផ្លែទំពាំងបាយជូរខ្មៅ និងផ្លែទទឹម ត្រូវបាននាំចូលពីប្រទេសថៃ យកមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច នៃសាខា ក.ប.ប. ខេត្ត។

លោកបានបញ្ជាក់ថា ការធ្វើវិភាគនៅមន្ទីរពិសោធន៍លើផ្លែឈើទាំងនេះ ដើម្បីពិនិត្យមើលគុណភាព ការពារប្រជាពលរដ្ឋយកទៅបរិភោគ ប៉ុន្តែផ្លែឈើទាំងនេះបើយោងតាមការធ្វើវិភាគសំណាកគំរូ របស់មន្ត្រីជំនាញផ្នែកមន្ទីរពិសោធន៍នៃសាខា ក.ប.ប. ខេត្ត បានឱ្យដឹងថា ផលិតផលផ្លែឈើទាំង ៧គំរូវិភាគខាងលើ ពុំមានវត្តមានសារធាតុគីមី ហាមឃាត់ដែលជាសំណល់ថ្នាំកសិកម្មដែល ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ៕