(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ ដោយមានកិច្ចសហការពីមន្រ្តីបរិស្ថាន បានយកពស់ថ្លាន់មួយក្បាល យកទៅប្រលែងក្នុងព្រៃធម្មជាតិ ស្ថិតក្នុងតំបន់ក្បាលឆាយ។

ពស់ថ្លាន់មួយក្បាលនេះ មានប្រវែងប្រមាណ៣ម៉ែត្រ និងទំងន់ប្រហែល ១០គីឡូ ហើយត្រូវបានក្រុមប្រជាការពារ ស្ទាក់ចាប់ពីលើចុងឈើនៅឆ្នេរអូត្រះ មុននឹងនាំយកទៅប្រលែងនៅព្រៃក្បាលឆាយ។

នេះជាលើកទី៤ ហើយដែលអាជ្ញាធរ និងប្រជាពលរដ្ឋ បានសហការគ្នាស្ទាក់ចាប់បានពស់ថ្លាន់ ដើម្បីប្រគល់ជូនរដ្ឋបាលក្រុង យកទៅប្រលែងនៅតំបន់ព្រៃក្បាលឆាយ។

ការធ្វើយ៉ាងដូច្នេះគឺ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរណ៍ផង និងដើម្បីឱ្យវាមានឱកាសបានរស់នៅក្នុងព្រៃ ដ៏សមគួរទៅតាមកន្លងធម្មជាតិរបស់វាផង៕