(អាមេរិក)៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទីភ្នាក់ងារអវកាសអាមេរិក NASA និងក្រុមហ៊ុនអវកាសឯកជន SpaceX ទើបតែបានបញ្ជូនអវកាសយានិកចំនួន ០៤នាក់ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ វាគឺជាបេសកកម្មផ្លូវការលើកដំបូងបំផុតរបស់ NASA ក្នុងការបញ្ជូនអវកាសយានិក ឡើងទៅកាន់ទីអវកាស ដោយជិះយានអវកាសរបស់ក្រុមហ៊ុនឯកជន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ។

យានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX ដែលត្រូវដាក់ឈ្មោះឲ្យថា រីស៊ីលៀនស៍ (Resilience) បានចាកចេញជាមួយគ្រាប់រ៉ុក្កែត Falcon 9 ពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដា កាលពីវេលាម៉ោង ៧៖២៧នាទីយប់ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់នៅអាមេរិក)។ ការធ្វើដំណើររយៈពេល ២៧ម៉ោងឡើងទៅកាន់ស្ថានីយ ISS នេះ ពីដំបូងឡើយគឺគ្រោងនឹងប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឯណោះទេ ប៉ុន្តែត្រូវលើកពេលមួយថ្ងៃ ក្រោយអាកាសធាតុមិនល្អ។

គួរបញ្ជាក់ថា ការហោះហើរសាកល្បងរបស់យាន Crew Dragon កាលពីខែសីហាកន្លងទៅ ដែលដឹកអវកាសយានិកតែ ០២នាក់ ប៉ុណ្ណោះឡើងចុះស្ថានីយ ISS គឺជាបេសកកម្មលើកដំបូង នៃការសាកល្បងបញ្ជូនអវកាសយា និកឡើងទៅទីអវកាស ដោយចេញពីទឹកដីសហរដ្ឋអាមេរិកផ្ទាល់ បើគិតក្នុងរយៈពេល ០៩ឆ្នាំមកនេះ ក្រោយការបិទបញ្ចប់នៃកម្មវិធីយានអវកាស Space Shuttle របស់ NASA។

ចាប់តាំងពីពេលនោះមក អវកាសយានិករបស់ NASA ពេលត្រូវការឡើងទៅស្ថានីយ ISS ម្តងៗ គឺត្រូវជួលកៅអីយានអវកាសរបស់រុស្ស៉ី សូយ៉ូស (Soyuz) ដើម្បីធ្វើដំណើរ។ ទីភ្នាក់ងារអវកាស NASA បានចុះកិច្ចសន្យាជាមួយ SpaceX ព្រមទាំង Boeing ផងដែរ កាលពីឆ្នាំ២០១៤ ដើម្បីឲ្យអភិវឌ្ឍយានអវកាស ក្រោមគោលដៅជំនួសកម្មវិធីយាន Space Shuttle របស់ខ្លួន ហើយផ្តាច់ការពឹងផ្អែករបស់ អាមេរិក លើយានអវកាស និងរ៉ុក្កែតរបស់រុស្ស៉ី ក្នុងការបញ្ជូនអវកាសយានិកឡើងទៅទីអវកាស៕