គិតត្រឹមថ្ងៃទី១៦-វិច្ឆិកានេះ កម្ពុជាសល់ ៩០០ថ្ងៃគត់ នៃដំណើរឆ្ពោះទៅ SEA Games 2023 រាជធាបីភ្នំពេញ

481

 (ភ្នំពេញ)៖ កម្ពុជាសល់ពេល ៩០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (SEA Games 2023) បើគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធី បើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកពេលវេលានេះ គឺជាការក្រើនរំឮកមួយដ៏សំខាន់ ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងសហព័ន្ធកីឡាជាតិ ក្នុងការពង្រឹងសមត្ថភាពត្រៀមដណ្ដើមឧត្តមភាព និងជោគជ័យជូនជាតិ។ ចំណែកគណៈកម្មាធិការជាតិ CAMSOC ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកបណ្ឌិត ថោង ខុន ក៏បានប្រព្រឹត្តទៅដោយរលូន ហើយគណៈកម្មការជំនាញនីមួយៗ ក៏ជំរុញការងារបានល្អប្រសើរដែរ។

អគ្គលេខាធិការ CAMSOC ដដែលបានថ្លែងសារក្នុងឱកាសដ៏មានសារៈសំខាន់នេះថា «សូមអំពាវនាវដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក ពិសេសហព័ន្ធកីឡាជាតិ ឲ្យខិតខំប្រឹងប្រែង ក្នុងការរៀបចំត្រៀមលក្ខណៈនេះ ឲ្យបានកាន់តែមុតស្រួច និងយកចិត្តទុកដាក់ខ្ពស់ លើការហ្វឹកហាត់ លើការជំរុញ និងតាមដានត្រួចពិនិត្យ វាយតម្លៃជាប់ជានិច្ច ចំពោះបច្ចេកទេស និងគុណផលកីឡារបស់កីឡាករ-កីឡាការិនីរបស់យើង កុំឲ្យមានការធ្វេសប្រហែស និងការលះបង់ចោលនូវពេលវេលានេះ ពីព្រោះស៊ីហ្គេម យើងត្រូវតែធ្វើនៅឆ្នាំ២០២៣»

«មួយទៀត ក៏សូមអំពាវនាវដល់ការគាំទ្ររបស់មហាជន យុវជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យភ្ជាក់រលឹកថា យើងនៅសល់តែ ៩០០ថ្ងៃទៀត គឺដល់ពេលយើងត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវទទួលរៀបចំស៊ីហ្គេមឲ្យមានសេចក្ដីថ្លៃថ្នូ ឲ្យស្អាត ដោយគោរពទៅតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា និងឯកឧត្តមបណ្ឌិត ថោង ខុន លើយុទ្ធនាការអប់រំសង្គម គឺប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការកាត់បន្ថយ ក៏ដូចជាលុបបំបាត់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍»

«ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់ យកស្មារតីនៅសល់ ៩០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទៅជាឆន្ទៈ ដ៏មោះមុត ផ្គុំកម្លាំងគ្នា ដើម្បីយើងសម្រេចបានជោគជ័យ បើទោះបីកាលៈទេសៈកូវីដ-១៩ មិនទាន់ថមថយនៅឡើយក៏ដោយ យើងនៅតែអនុវត្តវិធានការទប់ស្កាត់ទាំងអស់គ្នា និងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះ ទៅស្វែងរកឧត្តមភាព និងជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣»។ លោក វ៉ាត់ ចំរើន បញ្ជាក់ ។

ទន្ទឹមជាមួយគ្នា ក្នុងនាមអគ្គលេខាធិការដ្ឋាន CAMSOC លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ CAMSOC ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន ក៏ដូចជាឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អនុប្រធាន CAMSOC ដែលតែងសម្របសម្រួលផ្នែកហិរញ្ញវត្ថុជំរុញឲ្យអនុវត្តការងាររបស់ស្ថាប័ន ទទួលបន្ទុករៀបចំព្រឹតត្តិការណ៍ស៊ីហ្គេមនេះ ដំណើរការប្រកបដោយនិរន្ដរភាព ពិសេសក៏មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធពិធីបើកការប្រកួត នៅថ្ងៃទី០៥ ខែឧសភា និងប្រារព្ធពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីចប់ព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ កម្ពុជា នឹងបន្ដធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជនពិការប្រចាំតំបន់ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ដដែល៕