(ព្រះសីហនុ)  នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីចាក់សាំងដុតមនុស្សទាំងរស់នៅខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនបង្កឈ្មោះ លី ស្រេង អាយុ ៤៦ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ ។

រហូតមកដល់ពេលនេះ ជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ ចំណែកជនបង្កនៅមិនទាន់ចាប់ខ្លួន ដើរហើរសេរី។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខ្ញុំបាទតៃកុងត្រាទ័រស៊ីឈ្នួលឈូសឆាយដី បានមកឈូសឆាយដីដែលសាលាដំបូង ខេត្តព្រះសីហនុ ចុះមកអនុវត្តដីការក្សាការពារ ស្រាប់តែឈ្មោះ លី ស្រេង និងបក្សពួកបានឈរលើទូកុងទីន័រ យកដុំថ្មគប់លើខ្ញុំបាទ ហើយខ្ញុំបាទក៏បានលើកដងអេស្កាវិទ័រមកបាំង ដើម្បីកុំឲ្យគប់មកលើខ្ញុំបាទទៀត ពេលនោះឈ្មោះ លី ស្រេង និងបក្សពួក បានយកសាំងជះមកលើខ្ញុំបាទ ហើយបានយកដែកកេះដុតរូបខ្ញុំបាទបណ្តាល ឲ្យឆាបឆេះពេញខ្លួន មិនតែប៉ុណ្ណោះឈ្មោះ លី ស្រេង បានទាញទ្វារអេស្កាវិទ័របិត មិនឲ្យខ្ញុំបាទចេញបានថែមទៀត ប៉ុន្តែខ្ញុំបាទ បានវាយបំបែកកញ្ចក់អេស្កាវ៉ាទ័រលោតចេញ និងបានសមត្ថកិច្ចនៅក្បែរនោះជួយពន្លត់ភ្លើង និងបានជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់ ចំណែកឈ្មោះ លី ស្រេង ក៏ត្រូវបានសមត្ថកិច្ច និងកងរាជ អាវុធហត្ថដែលចុះអនុវត្តដីកា សម្រេចរបស់តុលាការឃាត់ខ្លួនភ្លាមៗផងដែរ ។

នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១៣០ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្ត ព្រះសីហនុ ដែលមានលោក តាក់ គឹមសៀ ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យចូលខ្លួនលើឈ្មោះ លី ស្រេង ចំនួនេះ ០៤លើក រួចហើយ ប៉ុន្តែឈ្មោះ លី ស្រេង ព្យាយាមគេចវេះមិនព្រមចូលខ្លួនមកឆ្លើយតាមដីកា របស់តុលាការឡើយ ។

ឈ្មោះ លី ស្រេង បានគេចវេះមិនព្រមចូលខ្លួនមកតុលាការ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងអង្គហេតុជះ សាំងដុតខ្ញុំបាទឲ្យឆាបឆេះពេញខ្លួនឡើយ គឺដើម្បីគេចវះពីការឃុំខ្លួនបណ្តោះអាសន្ន ដោយសារអំពើរបស់ ឈ្មោះ លី ស្រេង គឺជាបទឧក្រិដ្ឋមានភាពសាហាវឃោរឃៅយ៉ាងខ្លាំង ។

ឈ្មោះ លី ស្រេង កំពុងប្រើប្រាស់ និងខ្ចីដៃសំណុំរឿងព្រហ្មទណ្ឌលេខ១០៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលមាន លោកប្រធាន ជាចៅក្រមស៊ើបសួរទទួលបន្ទុកកាន់សំណុំរឿង ដើម្បីគេចផុតពីការ ឆ្លើយបំភ្លឺ ក៏ដូចជាគេចផុតពីការឃុំខ្លួនបណ្តោះអាសន្នផងដែរ ។

ខ្ញុំបាទជាជនរងគ្រោះ កំពុងទទួលរងនូវភាពវេទនា ត្រូវបន្តព្យាបាលរបួសស្នាមឆេះ ត្រូវធ្វើការទាំង មានរបួស ដើម្បីដោះបំណុលដែលខ្ចីគេ យកមកព្យាបាលរបួសដែលបណ្តាលមកពីភាពឃោរឃៅរបស់ឈ្មោះ លី ស្រេង ចំណែកឈ្មោះ លី ស្រងជាជនឧក្រិដ្ឋឃោរឃៅ មានលុយ មានអំណាច កំពុងមានសេរីភាព និង ដើរហើរយ៉ាងសប្បាយរីករាយ មិនខ្វល់ខ្វាយ មិនខ្លាចច្បាប់ និងតុលាការឡើយ ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូន លោកប្រធាន មេត្តាពិនិត្យ និងសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួន និងឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ លី ស្រេង ។