(ព្រះសីហនុ)៖ មកដល់នាពេលបច្ចុប្បន្ននេះ ស្ថានភាពការស្ថាបនាផ្លូវ ទាំង ៣៤ ខ្សែ ដែលរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា ក្នុងការស្ថាបនាកែលម្អសោភ័ណភាពនិងបរិស្ថានតំបន់ឆ្នេរក្រុង ព្រះសីហនុ បាននិងកំពុងដំណើរការយ៉ាងមមាញឹកទោះបីជា ស្ថានភាព ជំងឺកូវីដ 19 កំពុងរីករាលដាលជាសកលនៅទូទាំងពិភពលោកហើយ ព្រះរាជាណាចក្រកម្ពុជាក៏ ជួបបញ្ហាជំងឺនេះដែរ តែទោះជាយ៉ាងណា ក្រុមការងារស្ថាបនាអភិវឌ្ឍន៍ខេត្តនៅតែបន្តសកម្មភាពរបស់ខ្លួន យ៉ាងមមាញឹកជាធម្មតា។
នេះបើតាមការឲ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថានៅរសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយលោកក៏បានបន្ថែមថាសម្រាប់ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ គឺមាន ៨ ក្រុមហ៊ុនមកដល់ពេលនេះ ការចាក់បេតុងបានរួចរាល់ 100% និង កំពុងបន្តក្រាលខឿនថ្មក្រានីត រួចរាល់ក្នុងរង្វង់ពីរជាង 70%- 90% កម្រាលថ្មក្រានីត បានជាង 60% – 90% បំពាក់អំពូលភ្លើង បានជាង 69%-90% បង្គោលភ្លើង បានជាង 90% – 100% ដាំដើមឈើ បានជាង 22% -70%ភាគរយ និងលូរណបបានជាង 80%- 100% នឹងនៅបំពាក់កាមេរ៉ាសុវត្ថិភាព គូសគំនូសចរាចរណ៍ រៀបចំបន្ទប់អនាម័យនៅតាមតំបន់ឆ្នេរ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍ និង អនាម័យ បរិស្ថាន តំបន់ឆ្នេរ ឲ្យមានសោភ័ណភាពនិងមានភាពងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងកម្សាន្ត។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តក៏បានបញ្ជាក់បន្ថែមទៀតថា ទោះបីមានឧបសគ្គដោយសារជំងឺ កូវីដ19 យ៉ាងណាក៏ដោយក៏សកម្មភាពក្រុមការងារស្ថាបនា នៅតែបន្តដោយមិនមាន ការឈប់សម្រាកសកម្មភាពនោះឡើយ ហើយនៅក្នុងរង្វង់ខែ ១២ ឆ្នាំ ២០២០ នេះនឹង រៀបចំចាក់កៅស៊ូគ្រប់ផ្លូវទាំង ២៤ ខ្សែនឹងឲ្យរួចរាល់ នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ នាពេលខាងមុខនេះផងដែរ៕