(ហុងកុង)៖ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីជាន់ខ្ពស់ចិនម្នាក់បាននិយាយថា អាជ្ញាធរ កំពុងធ្វើការលើការធ្វើកំណែទម្រង់មួយចំនួន ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញនៃទីក្រុងហុងកុង ក្នុងនោះរួមមានទាំងប្រព័ន្ធតុលាការ។

លោក ចាង ហ្សាវមីង (Zhang Xiaoming) នាយករងការិយាល័យចិន ទទួលបន្ទុកកិច្ចការទីក្រុងហុងកុង និងទីក្រុងម៉ាកាវ បានធ្វើការកត់សម្គាល់ដូចខាងលើ កំឡុងលោកចូលរួមកិច្ចប្រជុំផ្នែកច្បាប់មួយ នៅថ្ងៃអង្គារនេះក្នុងទីក្រុងហុងកុង។ បើតាមលោក Zhang ការធ្វើកំណែទម្រង់ខាងលើ នឹងផ្ដល់ភាពល្អឥតខ្ចោះ ដល់ប្រព័ន្ធច្បាប់ នៅក្នុងទីក្រុងហុងកុង ដោយវានឹងមិនបំផ្លាញដល់ឯករាជ្យភាព នៃប្រព័ន្ធតុលាការនោះទេ។ ទោះជាបែបនេះក្តី ក្រុមអ្នករិះគន់បានយល់ថា កំណែទម្រង់នេះនឹងកាន់តែធ្វើឱ្យសេរីភាព និងស្វ័យភាពទីក្រុងហុងកុង ធ្លាក់ចុះរឹតតែខ្លាំង។

គួរបញ្ជាក់ថា ការលើកឡើងពីគម្រោងធ្វើកំណែទម្រង់មួយចំនួន ក្នុងទីក្រុងហុងកុងរបស់លោក Zhang Xiaoming ធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំង បានអនុម័តលើដំណោះស្រាយមួយ ដែលផ្ដល់អំណាចឱ្យអាជ្ញាធរហុងកុងដកសមាជិកភាព ពីសមាជិកសភាហុងកុងទាំងឡាយណា ដែលត្រូវបានចាត់ទុកថា កំពុងធ្វើសកម្មភាពបំផ្លាញដល់សន្តិសុខជាតិ ដោយមិនចាំបាច់ឆ្លងកាត់ការសម្រេចចិត្ត ពីតុលាការនោះឡើយ។ គ្រាន់តែដំណោះស្រាយខាងលើនេះចូលជាធរមានភ្លាមៗ អាជ្ញាធរហុងកុងក៏បានដកសមាជិកភាព ពីសមាជិកសភា ០៤នាក់ផងដែរ ដែលប្រការនេះបានធ្វើឱ្យសមាជិកសភា គាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ទៀត ប្រកាសលាលែងពីតំណែង ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេ ចំពោះសមាជិកសភាទាំង ០៤នាក់នោះ៕