(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីជំនាញ ក.ប.ប ព្រមានអាជីវករ លួចបន្លំបិទស្លាកតម្លៃប្រាក់បាតជាន់ លើកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ដើម្បីលួចបន្លំបំភ័នភ្នែកអ្នកទិញ យកទៅបរិភោគ ប៉ះពាល់សុខភាព ក្នុងសកម្មក្នុងសកម្មភាព ចុះណែនាំឲ្យអាជីវករបិទស្លាកតំលៃ ជាប្រាក់រៀលលើមុខទំនិញ និងពិនិត្យគុណភាពទំនិញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តាម៉ាត តំបន់កាស៊ីណូជាយដែនកម្ពុជា.ថៃ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យបានប្រាប់ថា ការចុះមកណែនាំអប់រំដល់អាជីវករ នៅតាមបណ្តាលម៉ាតខាងលើ ឲ្យបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរ លើមុខទំនិញ និងពិនិត្យគុណភាពទំនិញ របស់មន្ត្រីជំនាញ ក.ប.ប ខេត្ត និង មន្ត្រីពាណិជ្ជកម្ម រកឃើញថា មានអាជីវករមួយចំនួនតូច បានបន្លំបិទស្លាកតម្លៃ លើមុខទំនិញនៅជាន់ពីលើ កាលបរិច្ឆេទថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបន្លំអ្នកទិញយកបរិភោគ នាំឲ្យប៉ះពាល់ពាល់សុខភាព។

លោក សាន វិជ្ជាសារ៉ាវុធ បញ្ជាក់ថា ដោយយល់ថា អំពើល្មើសមិនសុច្ចរិតបែបនេះ គឺជាការប្រព្រឹត្តិលើកទី១ ហេតុនេះមន្រ្តីជំនាញ បានធ្វើការពន្យល់ណែនាំ និងព្រមានតាមរយៈ កិច្ចសន្យាផ្តិតមេដៃ។ បើរកឃើញលើកក្រោយ និងចាត់ការតាមនីតិវិធី។

ក្នុងនោះ ក្រុមមន្ត្រីជំនាញ បានដកហូតទំនិញមិនប្រក្រតីចំនួន ១០មុខ ដែលហួសកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ដើម្បីយកទៅកំទេចចោលតាមនីតិវិធីច្បាប់៕