ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ ដុតកំទិចចោលកំទិចមីខូចគុណភាពជិត៤០០គីឡូក្រាម នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដុតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ(ក.ប.ប) បានប្រាប់ថា ទំនិញកំទិចមីខូចគុណគុណភាព ដែលត្រូវដុតចោលមានទំងន់៣៩០គីឡូក្រាមនេះ មន្ត្រីជំនាញបានចុះពិនិត្យ ដកហូតនៅអំឡុងខែតុលា ដល់វិច្ឆិកា ឆ្នាំ២០២០ ក្នុងនៅតាមផ្សារនិងឃ្លាំងជាប់ជាយដែនភូមិសាស្រ្ត ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា កំទិចមីខូចគុណភាពនេះ ត្រូវបានឈ្មួញលួចនាំចូលតាមច្រករបៀងខុសច្បាប់ មកលក់តាមទីផ្សារត្រូវបានមន្ត្រី(ក.ប.ប)ខេត្ត  សហការជាមូយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត ចុះពិនិត្យតាមផ្សារ និងឃ្លាំងជាប់ជាយដែន ហើយត្រូវបានដកហូត ត្រូវប្រមូលមកដុតដុតកំទិចចោល។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ កំទិចមីខូចគុណភាពនេះ ជាកំទិចមីដែលច្រកសេសសល់ ជាកាកសំណល់ មីកញ្ចប់ធំដែលគេច្រករុះ ដែលគ្មានអនាម័យ ខុសបច្ចេកទេសដែលបណ្តាលខូចគុណភាព ដែលប៉ះពាល់សុខភាព ដល់អ្នកបរិភោគប្រឈមគ្រោះថ្នាក់ ជាពិសេស ក្មេងៗនៅសាលារៀន ចូលចិត្តទិញបរិភោគ ធ្វើឲ្យរាករុះ ក្តៅខ្លួន ក្អួតជាដើម។

ក្នុងឱកាសដុតកំទិចមីខូចគុណភាពជិត ៤០០គីឡូក្រាម ប្រធានសាខា(ក.ប.ប) ខេត្តបន្ទាយមានជ័យសំណូមពរដល់កងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែន សុំឲ្យចូលរួមទប់ស្កាត់ និងសហការជាមួយមន្ត្រីជំនាញទប់ស្កាត់រាល់ទំនិញគេចពន្ធ និងខូចគុណភាពដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង ដើម្បីការពារសុខុមាភាពបងប្អូនប្រជាពលរដ្ឋ៕