(កំពង់ធំ)៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ធំ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយយកកាំបិតចាក់បំពង់.ក មកលើលោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជាង៩យប់ នៅភោជនីយដ្ឋានជ្រោះពេជចិន្តា បន្ទប់ «កែប» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មាន សន្តិសុខកង រាជអាវុហត្ថខេត្តកំពង់ធំ , ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះ ព្រាម ហាក់ បាននិងកំពុងហូបចុកអាហារសាមគ្គីជុំគ្នា ។
ពេលនោះលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ក៏បាននិងកំពុងហូបចុកនៅ បន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល តែដោយឃើញលោក សាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ បានធ្វើសកម្មភាពទាញរុញៗទ្វារលិបលៗ ។
មួយសន្ទុះ ប្រហែល៣នាទីក្រោយមក ទើបលោក ម៉ៅ ប៊ុនធូ ចូលក្នុងបន្ទប់ «កែប» នេះ ហើយដើរទៅខ្សឹបប្រាប់លោក ហង្ស ថុល និង លោក ឃុន ប៊ុនហូ ថា អោយទៅជល់កែវជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបាននិងកំពុងហូបចុក នៅបន្ទប់ខាងកើតជាប់គ្នានោះ ។
ក្រោយមកនៅវេលាម៉ោងប្រមាណ២១៖១៣នាទី លោក ម៉ៅ ប៊ុនធូ បានប្រដាប់ដោយកាំបិតចុងស្រួច ដែកពណ៌ស ប្រវែងប្រហែល ៤តឹក លាក់ទុកក្នុងដៃ បានដើរចូលក្នុងបន្ទប់ «កែប» នោះហើយ លោក ម៉ៅ ប៊ុនធូ បានហុចដៃឆ្វេង សុំលោក សាយ វាសនា ចាប់ដៃពេលនោះ លោក សាយ វាសនា ក៏បានយកដៃស្តាំរបស់ខ្លួន ចាប់ដៃជាមួយលោ ម៉ៅ ប៊ុនធូ ដោយចាប់ដៃគ្នាយ៉ាងណែនល្អ ។
បន្ទាប់មក លោក ម៉ៅ ប៊ុនធូ បានដើររសសៀរ មកកៀកនឹងលោក សាយ វាសនា ហើយទាញកាំបិតចាក់បំពង់.ក លោក សាយវាសនា ពេលនោះលោក សាយ វាសនា បានចាប់ជ្រោងដៃជនល្មើស ហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំបិត មកចាក់សម្លាប់ខ្ញុំ ។
ពេលនោះជនល្មើស បាននិយាយថា ចាក់សម្លាប់ព្រះរាជអាជ្ញារង យកឈាមលាយស្រាផឹក ។ ក្នុងសភាពពេលនោះ លោក ហង្ស ថុល ស្រែកអោយជនល្មើសទម្លាក់កាំបិតចោល តែជនល្មើសមិនព្រមទម្លាក់កាំបិត ហើយនៅតែប្រឹងយកកាំបិតបុក សំដៅបំពង់កជនរងគ្រោះ ។
ពេលនោះ ក៏មានសម្លេងឆោឡោខ្លាំង ទើបមានមនុស្សចំនួន ៥ទៅ ៦នាក់ បានចូលមកចាប់ដណ្តើមកាំបិត ពីជនល្មើស ហើយក៏មានមនុស្សម្នាជាច្រើន ផ្អើលឈុលចេញមកមើល ដោយក្នុងនោះ មានលោក សុខ លូ អភិបាលខេត្តកំពង់ធំ , លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម និង លោក ទូច សុខា អភិបាលស្រុកសន្ទុក ជាដើមផង។
សមត្ថកិច្ចបានអោយដឹងទៀតថា សាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ពេលជនល្មើសធ្វើសកម្មភាព ចាក់បំពង់កជនរងគ្រោះគឺ មានលោក ហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ាស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិកលើកម្ហូបស្រាស្រីៗ ចំនួន ៣នាក់ទៀត នៅក្នុងបន្ទប់ «កែប»។
ជនល្មើសបន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច គេធ្វើអាកប្បកិរិយាស្រវឹង ធ្វើដូចមិនដឹងរឿងអីអ៊ីចឹង ។ ជនល្មើសនេះ បានចងគំនុំនឹងលោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួលបន្ទុក ក្នុងសំណុំរឿងដែលជនល្មើសបានដឹកនាំកម្លាំងគ្មានបញ្ជា ពីព្រះរាជអាជ្ញា ចុះទៅចាប់គ្រឿងចក្ររបស់ឈ្មោះ ជុត ថាន ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដោយទាំងខ្លួនមិនមានសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយពេលនោះ ជនល្មើសស្នើសុំអោយលោក សាយ វាសនា កុំចាត់ការ តែលោក សាយ វាសនា បានអនុវត្តនីតិវិធីច្បាប់ ដោយហេតុថា ឈ្មោះ ជុត ថាន មិនព្រមចរចា ហើយជនល្មើសគុំគួន តាំងពីពេលនោះមករហូត ។
ដោយឡែកបញ្ហានេះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចុះទៅកន្លែងកើតហេតុភ្លាមៗ ហើយបញ្ជាអោយកម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនល្មើសក្នុងបទល្មើសជាក់ស្តែង មកបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបន្ត តាមនីតិវិធី ៕