(ភ្នំពេញ)៖  កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ទួលសាលា ក្នុងក្រុមហ៊ុន OCIC ភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឆែម វណ្ណា អាយុ ៤៨ឆ្នាំ មុខរបរមេការដាក់លូ ក្នុងក្រុមហ៊ុនOCIC ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតនៅ ភូមិបារាយខាងលិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នៅមុនពេលកើតហេតុនេះ គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-3482 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទួលសាលា ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម។

ខណៈជនរងគ្រោះ បើកម៉ូតូមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំមួយគ្រឿង ជាប្រភេទរថយន្តដឹកដីខ្សាច់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-8814 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ស្របទិសដៅគ្នា ស្របពេលនោះដោយសារតែជនរងគ្រោះនិង អ្នកបើករថយន្តស្គាល់គ្នា ទើបបានស៊ីផ្លេរថយន្តដាក់ពីក្រោយ ធ្វើឱ្យជនរងគ្រោះដែលកំពុងជិះម៉ូតូ ចាប់ហ្វ្រ័ងបង្ខំដួល ម៉ូតូចូលក្រោមកង់រថយន្តដឹកដី កិនបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង

ឱ្យចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសាកសពសមត្ថកិច្ច បានធ្វើឯកសារ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅខេត្តព្រៃវែងតាមប្រពៃណី៕