(ខេត្តបន្ទាយមានជ័យ)៖ ពលរដ្ឋរិះគន់ថា ហ្វូងគោបានដើរ ប្រសេចប្រសាច លើផ្លូវជាតិលេខ៥ និងតាមផ្លូវនានាក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការលំបាកដល់អ្នកធ្វើដំណើរស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍, ជុះអាចម៍ ប្រតេកប្រតាកប្រឡាក់លើផ្លូវ មុខផ្ទះប្រជាពលរដ្ឋ លើសួនច្បារ ធ្វើឲ្យខូចសោភ័ណភាព និងសណ្ដាប់ធ្នាប់សង្គមសាធារណៈ។
ពលរដ្ឋបន្តរិៈគន់ថា ហ្វូងគោទាំងនេះ មិនមែនលែងចោល តែពេលថ្ងៃនោះទេ គឺទាំងថ្ងៃទាំងយប់ ជូនកាល ដើរចូលក្នុងផ្សារ ស៊ីបន្លែ ផ្លែឈើ បើសិនជាអ្នកលក់ កំពុងជាប់រវល់មិនបានមើលទេនោះ។ មិនតែប៉ុណ្ណោះ បើនៅតាមគេហដ្ឋានវិញ មានពាងទឹកតាមមុខផ្ទះ មិនបានគ្របត្រឹមត្រូវប្រាកដជា ត្រូវសត្វគោយកមាត់ជ្រលក់គ្រប់ផ្ទះជាមិនខាន។
ករណីនេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថា ហ្វូងគោទាំងនេះ ធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងបង្កការគ្រោះថ្នាក់ ធ្វើឲ្យអ្នកធ្វើដំណើរធុញថប់ខ្លាំងណាស់ដែរ គួរតែអាជ្ញាធរដែនដី និងសមត្ថកិច្ចចាត់វិធានការ ចំពោះអ្នកដែលចិញ្ចឹមគោ កុំឲ្យមានការលែងអនាធិបតេយ្យ ក្នុងទីប្រជុំជនបែបនេះទៀត ហើយត្រូវធ្វើការផាកពិន័យ ឲ្យបានធ្ងន់ធ្ងរផងដែរ ដើម្បីឲ្យមានការរាងចាល។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា ចំពោះបញ្ហាហ្វូងគោដើរប្រសេកប្រសាច ទាំងថ្ងៃទាំងយប់នេះ លោកនិងប្រគល់តួនាទីនេះ ឲ្យសមត្ថកិច្ចនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងចាត់ការ ដើម្បីឲ្យម្ចាស់គោទទួលខុសត្រូវលើសត្វចិញ្ចឹមរបស់ខ្លួន។
គួរជំរាបជូនថា កន្លងមកក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយហ្វូងគោទាំងនេះផងដែរ ធ្វើឲ្យខូចខាតនូវទ្រព្យសម្បត្តិឡាន ម៉ូតូ និងធ្វើឲ្យអ្នកដំណើររងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ក៏មាន៕