(ពិភពលោក)៖ ពិភពលោកនាពេលបច្ចុប្បន្នមានប្រទេសជាង ២០០ប្រទេស និងប្រជាជនជាង ៧,០០០លាននាក់ ហើយប្រទេសទាំងនោះ សុទ្ធតែត្រូវបានដឹកនាំតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឬទ្វេបក្ស ហើយក៏មានរបបឯកបក្សផងដែរ គឺរបបកុម្មុយនីស្ដ។

តើអ្នកដឹងទេថា គណបក្សនយោបាយណាខ្លះ ដែលមានសមាជិកច្រើនជាងគេ នៅលើពិភពលោកយើងនេះ?

គណបក្សដែលមានសមាជិកច្រើនជាងគេនោះ រួមមានគណបក្សប្រជាជនឥណ្ឌា នៅប្រទេសឥណ្ឌា គណបក្សកុម្មុយនីស្ដចិន នៅប្រទេសចិន គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅសហរដ្ឋអាមេរិក។

គណបក្សប្រជាជនឥណ្ឌា មានឈ្មោះជាភាសាអង់គ្លេសថា Bharatiya Janata Party បង្កើតឡើងនៅឆ្នាំ១៩៨០។ នាពេលបច្ចុប្បន្ន គណបក្សនេះ មានសមាជិករហូតដល់ទៅ ១១០លាននាក់ ដែលត្រូវបានគេកំណត់ថាជាគណបក្សធំជាងគេក្នុងពិភពលោក។

លោក នរិន្ទ្រា មូឌី (Narendra Modi) ដែលជានាយករដ្ឋមន្ត្រីឥណ្ឌានា ពេលបច្ចុប្បន្ន ក៏ជាសមាជិករបស់គណបក្ស Bharatiya Janata នេះដែរ។

គណបក្សកុម្មុយនីស្ដចិន មានឈ្មោះជាភាសាអង់គ្លេសថា Communist Party of China បង្កើតឡើងនៅឆ្នាំ១៩២១ ចាស់ជាងគណបក្សប្រជាជនឥណ្ឌាជិត ៦ទសវត្សរ៍ ប៉ុន្តែមានជិកតិចជាងគណបក្សប្រជាជនឥណ្ឌា។ បច្ចុប្បន្ន គណបក្សកុម្មុយនីស្ដចិនមានសមាជិក ៨៨លាននាក់ ក្នុងនោះមានសមាជិកតំណាង ក្នុងការចូលរួមសមាជបក្ស ៣០០ នាក់។

មូលហេតុដែលគណបក្សកុម្មុយនីស្ដ ជាគណបក្សធំជាងគេទីពីរនោះ គឺដោយសារប្រទេសចិនមានប្រជាជនច្រើនជាងគេក្នុងលោក គឺប្រមាណ ១,៤០០លាននាក់ ហើយមូលហេតុធំមួយទៀត គឺប្រព័ន្ធនយោបាយរបស់ប្រទេសចិនគឺជារបបឯកបក្ស។

ដូច្នេះប្រជាជនចិនទាំងអស់ គ្មានជម្រើនចូលជាសមាជិកគណបក្សផ្សេងក្រៅពី គណបក្សកុម្មុយនីស្ដនេះឡើយ។

ចំណែកនៅសហរដ្ឋអាមេរិកដែល ជាប្រទេសបិតាប្រជាធិបតេយ្យនោះវិញ គឺមានគណបក្សតែពីរគត់ រួមមានគណបក្សប្រជាធិបតេយ្យ បង្កើតឡើងនៅឆ្នាំ១៨២៨ បច្ចុប្បន្នមានសមាជិកប្រមាណ ៤០លាននាក់ និងគណបក្សសាធារណរដ្ឋ បង្កើតឡើងនៅឆ្នាំ១៨៥៤ បច្ចុប្បន្នមានសមាជិកប្រមាណ ៣០លាននាក់៕