ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

570

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់សមាគមន៏ ស្នាមញញឹមថ្មី នៃក្តីសង្ឃឹម របស់កុមារ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មានប្រសាសន៏សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំមកនូវ ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះកូនៗ ទាំងអស់ដោយក្តីនឹករឭក ។

សម្តេច តែងតែបានគិតគូរជានិច្ចអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមក៏បានកោតសរសើរ និងលើកទឹកចិត្ត ដល់ប្រធានសមាគមន៏ ដែលបង្កើតសមាគមន៏នេះឡើងជួយដល់ការងារសង្គម ក៏ដូចជាការងារមនុស្សធម៌ ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលមានទឹកចិត្តល្អ មានព្រហ្មវិហារធម៌ ក្នុងការមើលថែ និងបង្រៀនដល់កូនៗ ដែលជាក្មេងកំព្រា ដែលត្រូវឪពុកម្តាយបោះបង់ចោល និងផ្តាំផ្ញើរដល់កូនៗ ត្រូវខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជា សំរាប់ខ្លួនទៅថ្ងៃអនាគត ព្រោះថារាជរដ្ឋាភិបាលមិនបានបោះបង់ ឫក៏ទុកចោលអោយកូនរស់នៅ ដោយគ្មានការយកចិត្តទុកដាក់ឡើយ ហើយឯកឧត្តម គង់ សោភ័ណ្ឌ បានសន្យាថា បន្តជួយគាំទ្រដល់សមាគមន៏នេះជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សមាគមន៏ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ បង្កើតឡើងកាលពី ឆ្នាំ២០១៦ និងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ នៅក្រសួងមហាផ្ទៃ គិតមកដល់ឆ្នាំ២០២០ នេះសមាគមបានចិញ្ចឹម អប់រំ ថែទាំកុមារកំព្រាគ្មានទីពឹងសរុប ៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន១០នាក់ កុមារទាំងនេះភាគច្រើនមកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃវែង ក្រចេះ កំពង់ចាម ពោធិសាត់ និងក្រុងព្រះសីហនុ។

អំណោយដែលបានប្រគល់ជូនដល់សមាគមន៏មាន៖ អង្ករ ២.០០០គីឡូក្រាម មី៣០កេស ត្រីខកំប៉ុង៣កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ សាប៊ូ២កេស ទឹកបរិសុទ្ធ២០ដបធំ អាល់កុល៣០លីត្រ ម៉ាស់៥០០បន្ទះ ថវិកាឧបត្ថម្ភសមាគមចំនួន ៣លានរៀល ក្នុងនោះថវិកា លោកឧកញ៉ា គិត ចាន់ថា ជួយឧបត្ថម្ភ១លានរៀល និងឧបត្ថម្ភកុមារចំនួន ៤៦នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងប្រគេនព្រះគ្រូចៅអធិការវត្ត នូវអង្ករ ៥០០គីឡូក្រាម មី៤កេសតូច ត្រីខកំប៉ុង៤យួរ ទឹកបរិសុទ្ធ៤កេស និងបច្ច័យចំនួន ៤០ម៉ឺនរៀលផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញ ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ កុមារកំព្រា និងពិនិត្យមើលស្ថានភាព ទីតាំងភូមិសាស្ត្រអាគារ របស់មណ្ឌលបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី និង ដែលមានទីតាំងស្តិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម ក៏បានជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ៧នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងកុមារកំព្រាដែលរស់នៅក្នុងមណ្ឌល ចំនួន១១ ក្នុងនោះ១០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៣ម៉ឺនរៀល ដោយឡែក កុមារម្នាក់ពិការ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងឧបត្ថម្ភដល់មណ្ឌលថវិកា ៤០ម៉ឺនរៀលផងដែល។