(ហុងកុង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់ បានរួមគ្នាជាធ្លុងមួយដើម្បីចោទប្រកាន់ចិនថា បានក្បត់សន្យារបស់ខ្លួនឯង បន្ទាប់ពីសមាជិកសភាហុងកុង គាំទ្រលទ្ធិប្រជាធិបតេយ្យ ០៤រូប ត្រូវបានបណ្ដេញចេញពីសភាហុងកុង។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ០៥ខាងលើ ដែលជាសមាជិកនៃក្រុមប្រទេសភ្នែក ៥ ឬ Five Eyes បាននិយាយថា ចិនបានក្បត់ពាក្យសន្យារបស់ខ្លួន ជាមួយអង់គ្លេសកាលពីឆ្នាំ១៩៨៤ ក្នុងការរក្សាស្វ័យភាពរបស់ទីក្រុងហុងកុង ដែលក្រោយហុងកុង ត្រូវបានប្រគល់ឱ្យចិនវិញនៅ ឆ្នាំ១៩៩៧។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទាំង ០៥ប្រទេសនេះ បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពរបស់ចិន បានបង្ហាញយ៉ាងច្បាស់ ពីការបំពានកាតាព្វកិច្ចអន្តរជាតិ ដែលត្រូវតម្រូវដោយច្បាប់ និងសេចក្ដីថ្លែងការណ៍រួមរវាងចិន និងអង់គ្លេស ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ»

គួរបញ្ជាក់ថា ប្រទេសចិនមិនទាន់ធ្វើការឆ្លើយតបណាមួយនៅឡើយទេ ជុំវិញសេចក្តីថ្លែងការណ៍រួម នៃប្រទេសទាំង ០៥ខាងលើនេះ។ កាលពីសប្ដាហ៍មុន អាជ្ញាធរហុងកុងបានដកសមាជិកភាព ពីសមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ០៤រូប ដោយចោទពួកគេថា បានធ្វើសកម្មភាពបំផ្លាញដល់សន្តិសុខជាតិ។ ក្រោយការសម្រេចចិត្តបែបនេះ សមាជិកសភាហុងកុង គាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនរូបទៀត ក៏បានប្រកាសលាលែងចេញពីតំណែង ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេ ចំពោះសមាជិកសភាទាំង ០៤រូបនោះ៕