ពលរដ្ឋរងគ្រោះដីធ្លីជាមួយ លោក ប៉ុន សារឿន នៅចំណុចអូរខ្សាច់ ស្រុកស្ទឹងហាវ ស្នើសុំតុលាការ ពិនិត្យស្រាវជ្រាវ ឡើងវិញ

587

(ព្រះសីហនុ): ពលរដ្ឋរងគ្រោះដីធ្លីនៅចំណុចអូរខ្សាច់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្នើសុំតុលាការ អាជ្ញាធរ មន្ត្រីជំនាញពាក់ពន្ធ័ ពិនិត្យស្រាវជ្រាវរឿងទំនាស់ធ្លី រវាងពួកគាត់និងលោក ប៉ុន សារឿន ឡើងវិញអោយបានច្បាស់សិន មុននឹងអនុវត្តដោយបង្ខំ ព្រោះពួកគាត់បានរកឃើញថា ភាគីទំនាស់បានបង្កើត និងប្រើប្រាស់ឯកសារមួយចំនួនសង្ស័យថា មានភាពមិនប្រក្រតី (ឯកសារមិនពិត)។ ទន្ទឹមនេះពួកគាត់បានទទូចស្នើសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយរកយុត្តិធម៌ដល់ពួកគាត់ផង។

ប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅតំបន់អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមាន ទំនាស់ក្តីក្តាំរឿងដីធ្លីជាមួយ លោក ប៉ុន សារឿន កំពុងបង្ហាញក្តីព្រួយបារម្ភណ៍ជាខ្លាំង ខ្លាចបាត់បង់ជម្រក និងផលដំណាំត្រូវគេបំផ្លាញចោលបំបាត់ ដាននៅពេលអាជ្ញាសាលានៃសាលាដំបូង ខេត្តព្រះសីហនុ ។ ចុះរុះរើផ្ទះសំបែង និងដំណាំជាច្រើនប្រភេទ ចេញពីទីតាំងដីមានទំនាស់រ៉ាំរ៉ៃជិត ៣០ឆ្នាំ កន្លងមកនេះ។

ការព្រួយបារម្ភណ៍នេះ បានកើតឡើងបន្ទាប់ពី បានទទួលសេចក្តីជូនដំណឹងរបស់អាជ្ញាសាលា នៃតុលាការខេត្តព្រះសីហនុ នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០នេះ។

បើយោងតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ អាជ្ញាសាលាគ្រោងចុះអនុវត្ត ដោយបង្ខំនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយតម្រូវអោយប្រជាជនរុះរើផ្ទះសំបែង ចេញពីទីតាំងដីតាមអំណាចសាលដីការតុលាការកំពូលលេខ.៤៥៨(ឆ) ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយសំអាងលើបណ្ណ័ស្លាបមាន់លេខ B2-0666 ជំនាន់ឆ្នាំ១៩៩៤ លើតំបន់គ្របព្រៃឈើ។

ប្រជាជនបាននិយាយថា ពួកគាត់បានដាក់ពាក្យ ប្តឹងមោឃភាពបណ្ណ័នេះដែរ ព្រោះយល់ឃើញថា បណ្ណ័នេះ ត្រូវបានគេឃុបខិតគ្នាជាប្រពន្ធ័កសាងឡើង ដោយប្រើឯកសារមិនច្បាស់លាស់ មានភាពមិនប្រក្រតីច្រើនចំណុច តែតុលាការខេត្តព្រះសីហនុ ជាយូរឆ្នាំមកហើយ មិនលើកយកមកចាត់ការសោះ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះពលរដ្ឋប្រមាណ ១៦គ្រួសារ ដែលបានរស់អាស្រ័យផលជាក់ស្តែងជិត ៣០ឆ្នាំមកហើយ មានផ្ទះមានដំណាំធំៗ ហើយដើមឈើខ្លះ ធំរហូតដល់អោបមិនជុំផង បានស្នើតុលាការបញ្ឈប់ការអនុវត្ត ជាបណ្តោះអាសន្នសិន និងបានស្នើសុំតុលាការ អាជ្ញាធរមន្ត្រីជំនាញពាក់ពន្ធ័ពិនិត្យស្រាវជ្រាវរឿងនេះ ឡើងវិញអោយបានច្បាស់សិនមុនអនុវត្ត ដើម្បីចៀសវាការខាតបង់ និងបាត់បង់នៅភស្តុតាងជាក់ស្តែង នូវសំណុំរឿងនេះ។

ទន្ទឹមនេះប្រជាជនជាង ១០គ្រួសារនោះ បានទទូចស្នើសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយរកយុត្តិធម៌ដល់ពួកគាត់ផង។ ព្រោះពួកគាត់បានរកឃើញថា ភាគីទំនាស់បានបង្កើត និងប្រើប្រាស់ឯកសារមួយចំនួន សង្ស័យថា មានភាពមិនប្រក្រតី (ឯកសារមិនពិត) និងទីតាំងដីខុសគ្នាជាដើម។

ប្រជាជនទាំងនោះបានរៀបរាប់ថា ពួកគាត់បានចូលទៅកាប់ឆ្ការ ព្រៃរស់នៅទីតាំងដីនេះ ដែលមានទៅតាំងស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាំងពីឡុងឆ្នាំ១៩៩២ មកម្លេះ និងបានរស់នៅទីនោះ ជាប្រចាំមិនដែលបោះបង់ ឬចាកចេញទៅណាសោះឡើយ។ អាជ្ញាធរភូមិឃុំ បានចេញលិខិតដឹង ឮតែមិនបានទៅធ្វើបណ្ណ័កម្មសិទ្ធិអ្វីទេ។

កាលនោះរស់នៅលាយឡំជាមួយកំលាំងខ្មែរក្រហម នៅឈរជើងដែរ ប៉ុន្តែនៅពេលដែលស្រុកទេសមានសន្តិភាព ស្រាប់តែមានអ្នកមកដណ្តើមយកដីពួកគាត់ ដោយបានឃុបឃិតគ្នាកសាងឯកសារ និងឈានទៅធ្វើបណ្ណ័ រំលោភលើដីប្រជាជន និងបានប្រើប្រាស់ប្រពន្ធ័តុលាកា រដើម្បីបណ្តេញពួកគាត់ចេញពីទីតាំងដី។

លោកស្រី ឡុច ទូច ម្ចាស់ដីម្នាក់ក្នុងចំណោមម្ចាស់ដីជាង ១០គ្រួសាផ្សេងទៀត បានអះអាងថា ពួកគាត់ត្រូវគេធ្វើបាបគ្រប់រូបភាព និងគេចោទចាប់់ដាក់គុកជាច្រើនដង ព្រោះតែការតតាំងការពារដីនេះ។ ពេលខ្លះគេលាបពណ៌ថាជា ក្រុមនេះ ក្រុមនោះ ចោទប្រកាន់ទាំងបំពានថា ជាក្រុមអានាធិបតេយ្យដីធ្លីជាដើម។ តែលោកស្រី នៅតែតស៊ូដើម្បីភាពស្អាតស្អំយុត្តិធម៌ពិតប្រាកដមួយ ដែលត្រូវទទួលបាននៅថ្ងៃណាមួយ។

លោកស្រីបានត្អូញត្អែថា ពលរដ្ឋពួកគាត់ក្រីក្រណាស់ បើទោះជាបានរស់នៅអាស្រ័យផលជាក់ស្តែង ប៉ុន្តែហាក់លំបាកក្នុងការទទួលបានឯកសារ កាន់កាប់ដីពីអាជ្ញាធរ មិនដូចអ្នកមានលុយមានខ្សែរយៈនោះទេ គេអាចធ្វើអ្វីក៏បានភ្លាមៗ។

លោក ហ៊ូ សុផាត អតីតមេភូមិ៤ ឃុំអូរត្រេះ បានអោយដឹងថា លោកពិតជាបានឃើញប្រជាជនទាំងនោះមក

រស់នៅដុតធ្យូង ធ្វើចំការនៅទីនោះមែន។ ចំពោះការចុះទៅវាស់វែងធ្វើប្លង់របស់មន្ត្រីកាលគ្រានោះលោកថា មិនអាចធ្វើទៅបានទេ ព្រោះទីនោះមានខ្មែរក្រហម។ មួយវិញទៀតតំបន់នៅ ជាតំបន់គ្របព្រៃឈើមិនអាចធ្វើប្លង់បានទេ។

 

ពាក់ពន្ធ័បញ្ហានេះដែរ ក្រសួងកសិកម្មបានចេញលិខិតមួយ ដោយបញ្ជាក់ថា តំបន់នេះស្ថិតក្នុងដីគម្របព្រៃឈើ ឆ្នាំ២០០២ ចំណែកឯមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ កំពង់សោមអោយដឹងថា តំបន់នេះមិនដែលមានការកាត់ឆ្វៀល ចេញពីគម្របព្រៃនៅឡើយទេ។

លោក ប៉ុន សារឿន ដែលអ្នកប្តឹងទាមទារដីនេះ រួមទាំងអ្នកជាប់ពាក់ពន្ធ័ក្នុងសាច់រឿងនេះ មិនអាចស្វែងរកសុំការបំភ្លឺបាននៅឡើយនៅពេលនេះ។

សូមបញ្ជាក់ថា ទីតាំងដីទំនាស់ខាងលើនេះ ភាគីប្រជាជនរស់នៅជាក់ស្តែងមានផ្ទះ មានដំណាំ អាស្រ័យផលច្រើនមុខជិត ៣០ឆ្នាំ មានឯកសារបញ្ជាក់ពីមេភូមិ មេឃុំ តែគ្មានបណ្ណ័ទេ។

ចំណែកភាគី លោក ប៉ុន សារឿន អតីត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានបណ្ណ័ស្លាបមាន់ចេញឆ្នាំ១៩៩៤ ដោយបានទិញពីឈ្មោះ គឹម ចាន់នី រស់នៅក្រុងភ្នំពេញ ឈ្មោះ គឹម ចាន់នី បានទិញ ពីឈ្មោះ ឡុញ តាយ ។

យោងតាមឯកសារដែលទទួលបាន ឯកសារទិញលក់រវាងឈ្មោះ គឹម ចាន់នី និងឈ្មោះ ឡុញ តាយ និងឯកសារសំអាង ដែលឈ្មោះ គឹម ចាន់នី យកមកប្រើប្រាស់ ក្នុងការធ្វើបណ្ណ័ជាមួយអាជ្ញាធរ និងមន្រីជំនាញ មានភាពមិនច្បាស់លាស់ និងមិនប្រក្រតីចំណុចជាច្រើនដូចជា ខុសចំងាយទីតាំងដី និងទិញដី ក្រោយពេលអ្នកលក់ឈ្មោះ ឡុញ តាយ បានស្លាប់បាត់មុនជាដើម (ខ្មោចមកផ្តិតមេដៃលើលិខិតលក់ទិញ)។

តែយ៉ាងណា យើងរងចាំមើលដំណើររឿងមួយនេះ នឹងវិវត្តយ៉ាងណា? តើតុលាការ នឹងអាចបើកការស្រាវជ្រាវឡើងវិញដែរឬយ៉ាងណា?

អត្ថបទ និងរូបភាព: ខៀវ សាវុន