(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) មានរៀបចំពិធីប្រគល់សម្ភារៈ ប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ ដែលជាអំណោយ របស់សហជីពទូទាំងប្រទេសចិន (AFCTU)។
ពិធីដែរនេះ មានការចូលរួមពីសំណាក់ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក ចាង យ៉ាវអ៊ូ ( Zhang Yaowu) នាយកការិយាល័យមូនិធិចិន ដើម្បីសន្តិភាព និងអភិវឌ្ឍប្រចាំប្រទេសកម្ពុជា តំណាងឲ្យសហជីពទូទាំងប្រទេសចិន និងសមាជិកសមាជិការគណកម្មាធិការប្រតិបត្តិរ បស់សភាសម្ព័ន្ធសហជីពជាតិ កម្ពុជាជាច្រើនរូបទៀត។
ឯកឧត្តម សោម អូន បានថ្លែងថា បន្ទាប់ពីការរីករាលដាលជំងឺកូវីដ១៩ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្កើតក្រុមស្ម័គ្រចិត្ត ប្រយុទ្ឋប្រឆាំងជម្ងឺដ៏កាចសហាវនេះ ហើយបានធ្វើសកម្មភាពរួម ចំណែកជាមួយរាជរដ្ឋាភិបាល ចុះអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ នៅតាមបណ្តាផ្ទះជួលកម្មករ កន្លែងធ្វើការរវស់កម្មករ និងអគារសាធារណៈ របស់អាជ្ញាធរខេត្តក្រុង។
ឯកឧត្តម បានបន្តថា សហជីពប្រទេសទាំង២ បាននិងកំពុងតែពង្រឹងសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ដោយបានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងដកបទពិសោធន៍ ពីគ្នាទៅវិញមក ជាពិសេសសហជីព ទូទាំងប្រទេសចិន តែងតែជួយដល់សហជីពកម្ពុជា នៅពេលជួបការលំបាក។
ឯកឧត្តម បានបញ្ជាក់ថា អំណោយសម្ភាៈរប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ របស់មិត្តចិននៅពេលនេះគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ និងសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ន ដែលប្រទេសកម្ពុជា កំពុងតែជួបនូវ បញ្ហប្រឈមជាមួយជម្ងឺដ៏កាចសាហាវនេះ។
លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហជីពទូទាំងប្រទេសចិន ដែលបានយកចិត្តទុកដាក់រួមចំណែក ជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងការចូលរួមយុទ្ឋនាការការពារ សុខមាលភាពរបស់កម្មករ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅ។
លោក ចាង យ៉ាវអ៊ូ ( Zhang Yaowu) បានលើកឡើងថា ក្នុងគោលបំណងចូលរួមចំណែកជួយដល់កម្ពុជា ដែលជាមិត្តល្អ ដែលនេះជាផ្នែកមួយ នៃសកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ «គំនិតផ្ដួចផ្ដើមការកសាងសហគមន៍ផ្លូវសូត្រ» នៃសមាគមលើកកម្ពស់ការ ផ្លាស់ប្តូរអន្តរជាតិរបស់អង្គការ មិនមែនរដ្ឋាភិបាលចិន។
សហជីពទូទាំងប្រទេសចិន បានប្រមូលថវិកាចំនួន ៤០០.០០០យន់ (ប្រមាណ ៥៩.០០០ ដុល្លារ) ដោយផ្ដល់ជាសម្ភារៈ ជូនសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដូចជា៖ ម៉ាស ៣០ម៉ឺនម៉ាស, មាស៊ីនបាញ់ថ្នាំ២០គ្រឿង, ឈុតហាស់ម៉ាត ២០ឈុត, ស្រោមដៃការពារ ២០សម្រាប់, ស្បែកជើងការពារកវែង ២០គូរ និងខែលការពារមុខ ២០ខែល ដែលនេះបង្ហាញពីមិត្ដភាព ដ៏ស្មោះត្រង់របស់យើង បង្ហាញពីបេះដូង និងការជួយគ្នាទៅវិញទៅមក ហើយយើងខ្ញុំសង្ឃឹមថា ការផ្គត់ផ្គង់នេះ នឹងជាប្រយោជន៍ដល់ការងារ ប្រឆាំងការរីករាលជំងឺកូវីដ របស់ក្រុមការងារសភាសម្ព័ន្ឋ សហជីពជាតិកម្ពុជា។
លោក ចាង យ៉ាវអ៊ូ ( Zhang Yaowu) បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោមការប្រោសប្រទានពរពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី និងក្រោមការដឹកនាំ ដ៏រឹងមាំរបស់រដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បងប្អូនកម្មករកម្ពុជា និងសមាជិកសមាជិការបស់សភាសម័្ពន្ធ សហជីពជាតិកម្ពុជា នឹងមានជីវភាពល្អកាន់តែប្រសើរ៕