(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ផងដែរ គឺលោក សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន ទទួលបាននៅមុននេះ បន្តិចបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លទ្ធផលធ្វើតេស្តសំណាករបស់គាត់ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់សម្រាក់ព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ចំណែកលោក សរ ចិត្រា អាយុ៤៧ឆ្នាំ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានរកឃើញអ្នកឆ្លងសរុប ៣០៥នាក់ (ស្ត្រី៦ ២នាក់ និងបុរស ២៤៣នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៥នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១០នាក់៕