(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការ ជំនុំជម្រះលើសំណុំរឿង ក្រុមអតីតសមាជិកអតីតបក្សប្រឆាំងចំនួន ៦៨នាក់ ទៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះវិញ។ អតីតសមាជិកអតីតបក្សប្រឆាំងទាំងនេះ ត្រូវបានតុលាការកោះហៅ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់។
សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអ្នករួមគំនិតជាច្រើននាក់ទៀត ត្រូវបានតុលាការចេញដីការបង្គាប់ឱ្យចូលខ្លួន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះទោសលើសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រិត្តបទល្មើសជាអាទិ៍…» ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងនៅទីកន្លែងផ្សេងៗទៀត កាលពីអំឡុងខែមករា និងខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។
ដីការនេះ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ បានដឹកនាំសមត្ថកិច្ចយកទៅបិទប្រកាស កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២០ នៅជាប់របងអតីតស្នាក់បក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រៅពី សម រង្ស៉ី នៅមានជនត្រូវចោទសរុប ១៤នាក់ ផ្សេងទៀត លើសំណើរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍…»នេះ ត្រូវបានតុលាការបង្គាប់ឲ្យ ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញដូចគ្នា។
សូមបញ្ជាក់ថា សវនាការលើបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រិត្តបទល្មើសជាអាទិ៍…»នេះដែរ គឺមានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សារជំនុំជម្រះមាន លោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោក កើត សាំង និងលោក អ៊ឹម វណ្ណ: ជាចៅក្រមប្រឹក្សា៕