កំពង់ស្ពឺ៖ កាលពីវេលាម៉ោង ១​យប់ ឈាន​ចូល​ថ្ងៃ​ទី​១ ខែ​ធ្នូ២០១៩ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់​ខ្លួន​មនុស្ស ១៦៤​នាក់ ក្នុង​នោះ​មាន​ស្រី ៦២​នាក់​ ពាក់ព័ន្ធការចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ «​ម៉ាស្ទ័រក្លឹប» ស្ថិត​នៅ​ភូមិ​សំណង់ សង្កាត់​រកាធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។
ក្នុង​ចំណោម​មនុស្ស​ចំនួន ១៦៤​នាក់ ដែល​បានបានឃាត់ខ្លួនសមត្ថកិច្ជំនាញ រក​ឃើញ​អ្នក​ញៀន​ថ្នាំ ៣០​នាក់ ក្រោយ​ធ្វើតេស្ត​ទឹកនោម​រក​សារ​ធាតុ​ញៀន។ អ្នក​ទាំងនោះ​ភាគច្រើន ជា​យុវជន ហើយ​ក្នុង​ចំណោម​អ្នក​ញៀន​ថ្នាំ ៣០​នាក់​នោះ មាន​នារី ៧​នាក់។

ករណីនេះ សមត្ថកិច្ចប្រាប់អ្នកព័ត៌មានថា អ្នក​ផ្ទុក​សារធាតុ​ញៀន​ទាំង ៣០​នាក់​នោះ នឹង​ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​បន្ត​ទៀត ក្រោយ​ការ​រក​ឃើញ​នេះ។ ចំណែក​មេខ្លោង​គ្រឿងញៀន ឬ​ម្ចាស់​ក្លឹប​កម្សាន្ត​មួយ​នេះ សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​ថា ជា​នរណា ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ឬ​នៅ និង​កំពុង​មាន​វិធានការ​ច្បាប់​យ៉ាងណា​នោះ​ទេ។
ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ឃឿន បាបានប្រាប់ថា សម​ត្ថិ​កិច្ច​កំពុង​ធ្វើ​ការ មិន​អាច​ប្រាប់​បានទេ ដោយ​លោក​ខ្លាច​អ្នក​ពាក់ព័ន្ធ​រត់គេច​ខ្លួន​អស់៖ «ខ្ញុំ​សុំ​រក្សា​ព័ត៌មាន​នេះ​សិន។ ទុក​ឲ្យ​ខ្ញុំ​ធ្វើការ​ចប់​ស្រួលបួល​សិន»។

ពាក់ព័ន្ធរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិន ថ្លែង​ថា អាជ្ញាធរ​គួរតែ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម៉ាស្ទ័រក្លឹប ដែល​សម្របសម្រួល​ឱ្យ​មាន​ការចែក​ចាយ​គ្រឿងញៀន និង​មេខ្លោង​ជួញដូរ​គ្រឿងញៀន​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង។ លោក​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​ឃាត់ខ្លួន​តែ​អ្នកប្រើប្រាស់​តូចតាច​ហើយ​បណ្ដោយ​ឱ្យ​ម្ចាស់​ទីតាំង​និង​មេខ្លោង ឬ​អ្នក​នៅ​ពីក្រោយ​រួចខ្លួន​នោះ គឺជា​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ហើយ​ការ​បង្ក្រាប​គ្រឿងញៀន ក៏​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដែល​ប្រៀប​ដូចជា​ការ​វែក​ចក ហើយ​បញ្ហា​គ្រឿងញៀន នៅតែ​រីក​រាលដាល​គ្រប់​ច្រកល្ហក គួរ​ឲ្យ ព្រួយបារម្ភ​ដដែល៖ «យើង​ស្វាគមន៍​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចំពោះ​ការ​បង្ក្រាប​នេះ ប៉ុន្តែ​យើង​ក៏​ស្នើសុំ​ដែរ​ថា សូម​ឲ្យ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​ម្ចាស់​ក្លឹប​កម្សាន្ត ប្រសិនបើ​គាត់ ផ្ដល់​កន្លែង​ប្រើប្រាស់​គ្រឿងញៀន។ សូម​កុំ​បង្ក្រាប​តែ​អ្នក​ចូល​កម្សាន្ត ត្រូវតែ​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ត្រឹមត្រូវ»។

គួររំលឹកថា៖ ចាប់តាំងពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃាផ្ទៃលោកចេញ​បញ្ជា​រឱ្យ​កម្លាំង​សមត្ថកិច្ច​គ្រប់​រាជធានី​-​ខេត្ត​ សហការគ្នាបង្ក្រាបគ្រឿងញៀននៅតាមខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០១៩ មក​គឺ សមត្ថកិច្ច បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ ដូចជាការបង្ក្រាបនៅក្លឹបកម្សាន្តរ៉ក់ (Rock) នៅ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០​នាក់ បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​ម៉ៃអាមី (MIAMINight Club & Dance Party) ឃាត់ខ្លួន​មនុស្ស ៥០​នាក់​ ការបង្ក្រាបនៅក្លឹបកម្សាន្តលុច្សសារី (Luxurious) ឃាត់ខ្លួន​មនុស្ស​ជាង ៤០០​នាក់ ការបង្ក្រាបគ្រឿងញៀននៅកាស៊ីណូឡាក់គី ក្នុងក្រុង​បោយ​ប៉ែត ឃាត់ខ្លួនមនុស្ស ១៥៥​នាក់​។ ប៉ុន្តែគេសង្កេតឃើញថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំងនេះ សមត្ថកិច្ច ចាប់ខ្លួន​បានតែ​ម្ចាស់​ក្លឹប​កម្សាន្ត រ៉ក់ គឺ​ឧកញ៉ា គិត ធាង ម្នាក់​ប៉ុណ្ណោះ ចំណែក​ម្ចាស់​ទីតាំង​ដែល​មាន​ការចែក​ចាយ​គ្រឿងញៀន​ដទៃ​ទៀត មិនទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ ហើយ​សមត្ថកិច្ច​ថែមទាំង​លាក់​អត្តសញ្ញាណ ជន​ទាំងនោះ​ថែមទៀត​។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ក្រៅពី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នោះ គឺ​ត្រូវតែ​វែកមុខ​ចាប់ខ្លួន​មេខ្លោង​គ្រឿងញៀន និង​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ព្រមទាំង​ពង្រីក​ការអប់រំ​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ឱ្យ​បាន​ទូលំទូលាយ ទើប​អាច​កាត់បន្ថយ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​បាន៕