(ភ្នំពេញ)៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើន យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។

ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់ឯកឧត្តម ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា រវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

 

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃ ទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ម៉ាយឃើល តាន ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើន ដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗ មកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាព ឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗ បានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

សំណើបន្ទាប់របស់ឯកឧត្តរដ្ឋមន្ត្រី អ៉ិត សំហេង គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្ស ប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរី ក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។ ជាមួយគ្នានោះ កម្ពុជាក៏មានបំណងចង់បន្តកិច្ចសហបប្រតិបត្តិការ ជាមួយសិង្ហបុរីតទៅមុខទៀត ហើយសង្ឃឹមថាសិង្ហបុរី នឹងនៅតែចែករំលែកបទពិសោធន៍ដល់កម្ពុ ជាបន្ថែមទៀតផងដែរ។

ឯកឧត្តម អគ្គរដ្ឋទូត សិង្ហបុរី បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋាភិបាល និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងការចូលរួមបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាមកម្ពុជា។

ឯកឧត្តមបានលើកឡើងថា សិក្ខាកាមកម្ពុជាចូលចិត្តសិក្សានៅកន្លែងការងារផ្ទាល់តែម្ដង ដែលជាចំណុចពិសេសមួយក្នុងការអភិវឌ្ឍ សមត្ថភាពឱ្យកាន់ល្អប្រសើរ។

ឯកឧត្តមបានបន្តថា សិង្ហបុរីបានឈរលើចំណាត់ថ្នាក់ទី២ លើវិស័យវិនិយោគនៅកម្ពុជា ហើយឯកឧត្តមក្នុងនាមជា ឯកអគ្គរដ្ឋទូត ក៏តែងតែជំរុញដល់ក្រុមហ៊ុនទាំងនោះ ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះ ការវិនិយោគរបស់ខ្លួននៅកម្ពុជា ត្រូវគោរពអនុវត្តតាមច្បាប់-លិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងត្រូវចូលរួមបណ្ដុះបណ្ដាលសមត្ថភាពជំនាញការងារ ដល់កម្មករកម្ពុជាផងដែរ ដើម្បីឱ្យពួកគេទទួលបានជំនាញសមស្របមួយ សម្រាប់ធ្វើការងារចិញ្ចឹមជីវិតឱ្យកាន់តែល្អប្រសើរ។

ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហការគ្នា កាន់តែរឹងមាំថែមទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលទាំងពីរគឺសុទ្ធតែបានទប់ស្កាត់ និងដោះស្រាយបានយ៉ាងល្អ និងទាន់ពេលវេលា។  ទន្ទឹមនេះ ភាគីសិង្ហបុរី ក៏បានអំណរគុណដល់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់បានយ៉ាងល្អ ជាផ្នែកមួយអំណោយផលដល់អ្នកវិនិយោគសិង្ហបុរី ឲ្យមានដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតីឡើងវិញ ហើយកម្ពុជាក៏បានអរគុណដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានការពារពលករកម្ពុជា ដែលកំពុងបម្រើការនៅទីនោះដូចជនជាតិសិង្ហបុរីដូចគ្នា ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានថ្នាក់ដឹកនាំមួយរូបគឺ ឯកឧត្តម ហេង សួរ ត្រូវបានជ្រើសតាំងជាទីប្រឹក្សា ពិគ្រោះយោបល់ នៃមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីអនាគតនៃការងារ សម្រាប់អណត្តិពីរឆ្នាំ ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២២  ដើម្បីចូលរួមចែករំលែក នូវបទពិសោធន៍ និងចំណេះដឹង ដែលមានគុណតម្លៃបន្ថែមសម្រាប់ការអភិវឌ្ឍវិស័យការងារ ជាពិសេសផ្នែកសុវត្ថិភាព និងសុខភាពការងារនេះតែម្តង ។

ឯកឧត្តម ម៉ាយឃើល តាន បានបញ្ជាក់ពីការទទួលយកសំណើរទាំងឡាយ របស់ឯកឧត្តម បណ្ឌិត អ៉ិត សំហេង យកទៅជម្រាបជូនដល់រដ្ឋាភិបាលសិង្ហបុរី ដើម្បីពិចារណា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែល្អប្រសើរទៀត៕