(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញបានចុះពិនិត្យការសាងសង់នេះ ជាថ្មីទៀតដើម្បីមើលលទ្ធលផលការងារ និងជម្រុញការការងារអោយចប់រួចរាល់ តាមការគ្រោងទុក។

 

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ទន្ទឹមនឹងការរចនារង្វង់មូលតោ២, សួនច្បារនៅតំបន់ជុំវិញរង្វង់មូលនេះ ក៏ត្រូវស្ថាបនាផងដែរ។ គម្រោងនេះនឹងកសាងរួចរាល់ជាស្ថាពរ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២១ខាងមុខ។

បន្ទាប់ពីបានចុះពិនិត្យគម្រោងកែលម្អរង្វង់តោ២ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធលូ អូរ ប្រឡាយ បន្ទប់ទឹកសាធារណៈ តាមឆ្នេរ អាងប្រព្រឹត្តកម្ម រួមទាំងមើលតូបលក់ដូរ នៅតាមឆ្នេរអូរឈើទាលផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ១៩៦២ សម្តេចព្រះនរោត្តម សីហនុ បានកសាងរូបសំណាកសត្វ«តោញី ឈ្មោល» ដែលជាប្រភេទស្តេចសត្វម្រឹគី ម្រឹគា មួយគូកំពុងតែឈរបង្អួតខ្លួន ដោយអំណាច ជាតំណាងឲ្យខេត្តព្រះសីហនុសក្តិសម ទៅនឹងព្រះកិត្តិនាមដែល ព្រះបរមរតនកោដ្ឋ បានកសាងទុកឲ្យកូនចៅ ចៅទួតរបស់ព្រះអង្គ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា និងផ្តិតយករូបភាពដែលជាសមិទ្ធផលក្រោមស្នាព្រះហស្ថ របស់ព្រះអង្គក្នុងការបង្កើតខេត្តព្រះសីហនុ៕