(ខេត្តកណ្ដាល)៖ រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនបងប្អូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកឥដ្ឋ បុកនិងរថយន្តដឹកកម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។
ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហម នៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាក់ស្ដែងបងប្អូនកម្មករកម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាលនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦និង៤០នាទី នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក Hyundai ធុនដឹកទំនិញធំ ពណ៌ស ផ្លាកលេខភ្នំពេញ 3B 0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ ២៥ឆ្នាំ បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកគូទរថយន្ត ឈប់នៅចិញ្ចើមផ្លូវ រង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ បណ្ដាលឱ្យមនុស្សរងគ្រោះ ចំនួន០៨នាក់ របួសធ្ងន់ចំនួន ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល។ នៅពេលរថយន្តបង្កខាងលើ បានបុកគូទរថយន្តដឹកកម្មករនោះរួច ក៏បានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀត ដែលបើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
អំណោយដែលសាខា បានផ្តល់ជូនក្នុង ១នាក់ ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ឃីប ១កញ្ចប់ ម៉ាស់ ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ២០ម៉ឺនរៀល។
ដោយឡែកគ្រួសារសព អង្ករ ៥០គីឡូក្រាម ,មី ២កេស ,ត្រីខ ២០កំប៉ុង ,ឃីប ១កញ្ចប់ ,ទឹកសុទ្ធ ២កេស ,ទឹកផ្លែឈើ ២កេស ,ម៉ាស់ ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ១លានរៀល។