(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ចោរលួចម៉ូតូ និងម្នាក់ទៀត ជាអ្នកទិញ (ទទួលផលចោរកម្ម) បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ១.ឈ្មោះ រស់ សារ៉យ (ហៅឡយ) ជាអ្នកលួចម៉ូតូ យកទៅលក់ឲ្យជនសង្ស័យទី២ .ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានដកហូត ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 1L-1920។

លោកបញ្ជាក់ថា ដោយមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានបាត់ម៉ូតូកាលពីថ្ងៃទី២១ ខែវិច្ឆិកា នៅក្នុងបូរីមួយកន្លែង ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងមានការបំភ្លឺពីប្រជាពលរដ្ឋ កម្លាំងរបស់លោកបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យដែលលួច និងអ្នកទទួលផលចោរកម្ម ជាបន្តបន្ទាប់ចំនួន ពីរនាក់ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព ព្រមទាំងមានវត្ថុតាងម៉ូតូ ដែលដកហូតបានផងនោះ ជនសង្ស័យទាំង ០២នាក់ ពិតជាបានប្រព្រឹត្តបទល្មើសលួចម៉ូតូ និងទទួលផលចោរកម្មពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ៕ ដោយ៖ Sao Nov