(ស្កុតឡែន)៖ ប្រទេសស្កុតឡេននៅក្នុងសប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេបំផុត នៅលើពិភពលោក ដែលនឹងផ្ដល់ជូនដោយឥតគិតថ្លៃ នូវផលិតផលរក្សាអនាម័យ សម្រាប់មនុស្សគ្រប់រូប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន នៅរសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សភាជាតិនៃប្រទេសស្កុតឡេនបានបោះឆ្នោតជាឯកច្ឆ័ន្ទ គាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីផលិតផលរក្សាអានាម័យ ឬ Period Products Bill ដែលនឹងតម្រូវរដ្ឋាភិបាលមានសិទ្ធិស្របច្បាប់ ក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃ នូវផលិតផលរក្សាអនាម័យ ក្នុងនោះមានដូចជាសំឡីអនាម័យជាដើម នៅតាមអគារសាធារណៈ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសស្កុតឡេន ផលិតផលរក្សាអានាម័យ ត្រូវផ្ដល់ជូនដោយឥតគិតថ្លៃ ដល់សិស្សសាលា និងនិស្សិត។ ប៉ុន្តែ បច្ចុប្បន្នតាមរយៈច្បាប់ខាងលើ វានឹងតម្រូវឱ្យរដ្ឋាភិបាលស្កុតឡែន បង្កភាពងាយស្រួលដើម្បីធានាឱ្យបានថា មនុស្សគ្រប់រូបអាចទទួលបានផលិតទាំងនេះ ខណៈសាលារៀន និងសាកលវិទ្យាល័យទូទាំងប្រទេស នឹងត្រូវរៀបចំ ក៏ដូចជាផ្ដល់ផលិតផលរក្សាអនាម័យ ដោយឥតគិតថ្លៃ នៅតាមបន្ទប់ទឹករបស់ពួកគេផងដែរ៕