(ពិភពលោក)៖ ព្យុះ គឺជាបាតុភូតធម្មជាតិក្នុងបរិយាកាសរបស់ភពផែនដី ខណៈតំបន់ខ្លះ ព្យុះបានកើតឡើងសឹងតែជាអចិន្ត្រៃយ៍ទៀតផង ប៉ុន្តែ វាក៏ជាគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់ការរស់នៅរបស់មនុស្ស-សត្វផងដែរ។ តើអ្នកដឹងទេថា បាតុភូតព្យុះធំៗណាខ្លះ ដែលបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?
ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិយើងនេះ គឺបានកើតមានមហាព្យុះធំៗជាច្រើន ប៉ុន្តែបាតុភូតព្យុះដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេក្នុងចំណោមនោះមានចំនួន ៥ ដង៖
* មហាព្យុះខាមីកាហ្សិនៅជប៉ុន
ក្រោយពេលវាយដណ្ដើមទឹកដីចិន នៅគ្រិស្ដសករាជ ១២៨១ បានជាស្ថាពរហើយ ព្រះចៅអធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ បានលើកទ័ពយ៉ាងគគ្រឹកគគ្រេងបរសំពៅឆ្លងសមុទ្រ ចូលលុកលុយទឹកដីជ ប៉ុនបន្តទៀត។
ក្នុងពេលសង្គ្រាមម៉ុងហ្គោល-ជប៉ុនផ្ទុះឡើងរយៈពេល ៧ សប្ដាហ៍ដំបូង ក្រុមយុទ្ធជនសាំមូរ៉ៃ បានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញប្រឆាំង នឹងការឈ្លានពានរបស់ម៉ុងហ្គោល ប៉ុន្តែកងទ័ពម៉ុងហ្គោលនៅតែមានប្រៀបលើកងទ័ពជប៉ុន។
ម៉ុងហ្គោលហៀបនឹងទទួលបានជ័យជម្នះទៅហើយ ស្រាប់តែមានព្យុះទីហ្វុងយ៉ាងធំសម្បើម បានបោកបក់បំផ្លិចបំផ្លាញសំពៅរបស់កងទ័ពម៉ុងហ្គោលយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមសំពៅរាប់រយរាប់ពាន់គ្រឿង នៅសល់តែប្រមាណ ៣-៤ គ្រឿងប៉ុណ្ណោះ ដែលអាចបរត្រលប់ទៅទឹកដីចិនវិញបាន ចំណែកឯកងទ័ពម៉ុងហ្គោលប្រមាណ ១០០,០០០ នាក់ត្រូវលង់ទឹកស្លាប់ស្ទើរគ្មានសល់។
ប្រជាជនជប៉ុនបានឱ្យឈ្មោះព្យុះនេះថា ខាមីកាហ្សិ (Kamikaze) ដោយពួកគេបានសម្ដែងនូវការដឹងគុណចំពោះមហាព្យុះនេះយ៉ាងខ្លាំង ដោយពួកគេបាននាំគ្នាហៅព្យុះនេះថា «ខ្យល់ទិព្វ» និងចាត់ទុកដូចជាកងទ័ពអាទិទេព ដែលបានស្រោចស្រង់ទឹកដីរបស់ពួកគេ ឱ្យគេចផុតពីការឈ្លានពានរបស់ចក្រពត្តិម៉ុងហ្គោលដ៏ខ្លាំងមហិមានោះ។
* មហាព្យុះនៅអង់គ្លេសព្យុះដ៏ធំសម្បើមនេះ បានកើតឡើងនៅគ្រិស្ដសករាជ ១៥៧០ ដោយបានសម្លាប់មនុសនៅប្រទេសអង់គ្លេសអស់ប្រមាណ ៤០០,០០០ នាក់។ ក៏មានបាតុភូតព្យុះធំៗ ចំនួនពីរទៀត បានកើតឡើងនៅប្រទេសអង់គ្លេសនេះផងដែរ ក្នុងនោះគឺនៅគ្រិស្ដសករាជ ១៤២១ ព្យុះធំមួយបានសម្លាប់មនុស្សអស់ប្រមាណ ១០០,០០០ នាក់ ហើយនៅគ្រិស្ដសករាជ ១៤៤៦ ក៏មានព្យុះដ៏កាចសាហាវវាយប្រហារដូចគ្នានេះដែរ។
* មហាព្យុះនៅបារាំង
នៅខែធ្នូ គ្រិស្ដសករាជ ១៨៦៩ ខ្យល់សាហារចម្លែកមួយលាយឡំ ជាមួយនឹងជំនោរទឹកសមុទ្រដ៏ខ្លាំងផងនោះ បានបោកបក់មកលើឆ្នេរសមុទ្រប្រឺតាញ (Bretagne) នៃប្រទេសបារាំង។ ទឹកសមុទ្របានវាយប្រហារលើទីក្រុងចំនួន ២ ក្នុងនោះដំបូលផ្ទះត្រូវប៉ើងរប៉ាត់រប៉ោយ រីឯនាវាត្រូវខ្យល់ និងទឹកវាយកម្ទេចគ្មានសល់។ តំបន់ប្រឺតាញនេះ ក៏ធ្លាប់រងគ្រោះដោយសារព្យុះសមុទ្រជាច្រើនលើកមកផងដែរ ក្នុងនោះបានកើតឡើងនៅខែធ្នូ ១៨២១, ខែវិច្ឆិកា ១៨២៤ និងខែមីនា ១៨៣៦ ជាដើម។
* មហាព្យុះនៅអឺរ៉ុបខាងលិច
ចាប់ពីខែមករាដល់ខែកុម្ភៈ គ្រិស្ដសករាជ ១៩៩០ ក្នុងរយៈពេលតែ ៥ សប្ដាហ៍ប៉ុណ្ណោះ ខ្យល់ព្យុះធំៗចំនួន ៥ បានកើតឡើងជាបន្តបន្ទាប់គ្នានៅអឺរុបខាងលិច។ នៅប្រទេសអាល្លឺម៉ង់ ខ្យល់ព្យុះធំមួយបានកើតឡើងចំថ្ងៃទី២៣ ខែមករា ដែលមានល្បឿន ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបំផ្លិចបំផ្លាញដំបូងផ្ទះអស់រាប់ពាន់ខ្នង។ ខ្យល់នេះបានបន្តបក់ទៅដល់ប្រទេសស្វីស ក្នុងល្បឿ ន ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបន្តទៅដល់ព្រលានយន្តហោះក្រុងហ្ស៊ូរិច (Zurich)។ យន្តហោះធំៗ បានប៉ើងរអិលទង្គិចគ្នា រីឯយន្តហោះតូចៗ ត្រូវបានខ្យល់បោកឱ្យក្រឡាប់ផ្ងារជើង។ វិនាសកម្មក្នុងបាតុភូតខ្យល់ព្យុះនេះ បានបណ្ដាលឱ្យមនុស្សស្លាប់ ៣១០ នាក់។
នៅចុងគ្រិស្ដសករាជ ១៩៩៩ ខ្យល់ព្យុះធំៗចំនួនពីរផ្ទួនៗគ្នា គឺព្យុះឡូថា (Lothar) បានវាយប្រហារលើប្រទេសបារាំង ប៊ែលហ្ស៉ិក លុចសំបួ និងអាល្លឺម៉ង់ និងព្យុះម៉ាតាំង (Martin) បានវាយប្រហារលើប្រទេសបារាំង អេស្ប៉ាញ ស្វីស និងអ៉ីតាលី។ ល្បឿនរបស់ខ្យល់ព្យុះនេះ គឺលឿនខ្លាំងណាស់ ពោលគឺនៅពេលវាចេញពី មហាសមុទ្រអាត្លង់ទិក មកដល់កោះអូអេសង់ (Ouessant) ល្បឿនរបស់វាគឺ ១៨៤ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលមកដល់ជិតទីក្រុងប៉ារីស ១៧៣ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅពេលវាបន្តមកដល់កោះរ៉េ (Ré) វាមានល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះដ៏ខ្លាំងមហិមាមួយទៀត ក៏បានកើតឡើងនៅអឺរ៉ុបខាងលិចកាលពីខែមករា ២០០៧ ផងដែរ ដោយបានមហន្តរាយ ដល់មនុស្សជាតិមិនតិចនោះឡើយ៕