(ប៉េកាំង)៖ ចិន នឹងទិញរ៉ែធ្យូងថ្មកំដៅ ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារ ពីឥណ្ឌូនេស៊ី នៅឆ្នាំក្រោយ, នេះបើតាមការបញ្ជាក់ ពីសមាគមរ៉ែធ្យូងថ្ម របស់ឥណ្ឌូនេស៊ី (APBI) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានចុះហត្ថលេខា រវាងសមាគមរ៉ែធ្យូងថ្មរបស់ឥណ្ឌូនេស៊ី និងសមាគមដឹកជញ្ជូន និងចែកចាយធ្យូងថ្មរបស់ចិន នាថ្ងៃពុធនេះ។

APBI បានឲ្យដឹងថា «តាមរយៈកិច្ចព្រមព្រៀងនេះ វាត្រូវបានគេរំពឹងថា ការនាំចេញធ្យូងថ្ម នឹងមានការកើនឡើង ទៅកាន់ប្រទេសចិន រហូតដល់ ២០០លានតោន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។

ឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មកំដៅ ឈានមុខគេរបស់ពិភពលោកនោះ បានប្រើមធ្យោបាយការទូត ដើម្បីជំរុញការលក់ធ្យូងថ្ម នៅជុំវិញតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសវៀតណាម នៅពេលការនាំចេញទៅកាន់ ចិន បានធ្លាក់ចុះ។

ការនាំចូលរបស់ចិន ពីឥណ្ឌូនេស៊ី ដែលចិនជាប្រទេសដឹកជញ្ជូនរ៉ែធ្យូងថ្មកំដៅច្រើនជាងគេ នៅលើពិភពលោក បានយកទៅប្រើប្រាស់ នៅក្នុងរោងចក្រថាមពលនោះ បានធ្លាក់ចុះ២៤,៥ភាគរយ នៅក្នុងរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២០នេះ មកនៅត្រឹម ៨៦,៨៨លានតោន បើធៀបនឹង១១៥,០៣លានតោន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕