(សេអ៊ូល)៖ ទីភ្នាក់ងារការពារព័ត៌មានឯកជនមួយ របស់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានពិន័យក្រុមហ៊ុន Facebook ជាទឹកប្រាក់ចំនួន ៦,៧ពាន់លានវ៉ុន (៦,០៦លានដុល្លារ) និងស្វែងរកការស៊ើបអង្កេតព្រហ្មទណ្ឌ សម្រាប់ការផ្តល់ព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ទៅប្រតិបត្តិករផ្សេងទៀត ដោយគ្មានការយល់ព្រម, នេះបើយោងតាមសារព័ត៌មាន ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

គណៈកម្មការការពារព័ត៌មានឯកជនរបស់កូរ៉េខាងត្បូង ដែលបានចាប់ផ្តើមដំណើរការ នៅខែសីហាឆ្នាំនេះ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានពិន័យក្រុមហ៊ុន Facebook បន្ទាប់ពីបានរកឃើញថា ព័ត៌មានឯកជនយ៉ាងហោចណាស់ ៣,៣លាន នៃអ្នកប្រើប្រាស់ Facebook ១៨លាននាក់ នៅកូរ៉េខាងត្បូង ត្រូវបានផ្តល់ឲ្យប្រតិបត្តិករដទៃទៀត ដោយគ្មានការយល់ព្រម ចាប់ពីខែឧសភា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៨។

នៅពេលដែលអ្នកណាម្នាក់ ប្រើប្រាស់សេវាកម្មរបស់ប្រតិបត្តិករដទៃ តាមរយៈការចូល (Log in) របស់ Facebook, ព័ត៌មានឯករបស់ អ្នកប្រើប្រាស់ ត្រូវបានផ្តល់ឲ្យប្រតិបត្តិករដទៃ ដោយគ្មានការយល់ព្រម៕