(ខេត្តបន្ទាយមានជ័យ)៖ ផ្លូវគ្រួសថ្មមិច និងគ្រួសក្រហមបីខ្សែប្រវែង ជាង ១០គីឡូម៉ែត្រ ក្រោយពីរងផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀង ត្រូវអាជ្ញាធរក្រុងប៉ោយប៉ែត ជួសជុលសម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឡើងវិញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្គាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ ក្រោយពីទឹកជំនន់ទឹកភ្លៀងបានស្រក អាជ្ញាធរបានចុះពិនិត្យនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង កាលពីអំឡុងខែតុលា កន្លងទៅ ហើយបានជួសជុលផ្ទះ ផ្តល់ពូជដំណាំរួមផ្សំផ្សេងៗ ក៏ដូចជាកែសម្រួលផ្លូវខ្វាត់ខ្វែងនៅតាមមូលដ្ឋានជាបណ្តើរៗ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់។

លោកអភិបាលក្រុងបញ្ជាក់ថា ដើម្បីជាការឆ្លើយតប នឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ លោកបានដឹកនាំក្រុមការងារ យកគ្រឿងចក្រទៅឈូសឆាយ កៀរកិនបង្ហាប់ បង្រាប ជួសជុលស្តារឡើងវិញ នូវផ្លូវទាំង៣ខ្សែនេះ នៅក្នុងសង្កាត់និមិត្ត មានផ្លូវកូបធំ ផ្លូវដុញអារញ្ញ និងផ្លូវចូលភូមិថ្មសិន សរុបមានប្រវែងជាង ១០គីឡូម៉ែត្រ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្រឡុកធំៗ និងខូចខាតដោយទឹកហូរច្រោះផ្តាច់ បង្កផលលំបាកដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករក្នុងរដូវប្រមូលផលស្រូវ សម្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាកសិករ ងាយស្រួលក្នុងការបើកបរ ដឹកកសិផល និងផលដំណាំរួមផ្សំផ្សេងៗ យកទៅលក់នៅទីផ្សារ ប្រកបមុខរបររកស៊ីផងដែរ៕