(ព្រៃវែង):  ពិធីសម្ពោធដក់ឲ្យប្រើប្រាស់ នូវអគារសិក្សាចំនួន ១ខ្នង និងអណ្តូងទឹកចំនួន៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  និងលោកជំទាវ ហ៊ុន ប៊ុនធឿន រួមទាំងមានការអញ្ជើញចូលរួមពីលោក ត្សូណេជិ ណេហ្គីស្ហុី ម្ចាស់ជំនួយប្រទេសជប៉ុន និងសប្បុរសជនជាច្រើនរូបទៀត។

ពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអគារសិក្សាស្ថិតនៅភូមិមេបុណ្យ ឃុំមេបុណ្យ ចំណែកអណ្តូងស្នប់ ចំនួន៥ ស្ថិតនៅក្នុងឃុំពានរោង និង ឃុំពពឹស ស្រុកស្វាយអន្ទរ។

ក្នុងពិធីសម្ពោធអគារសិក្សាខាងលើ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ថា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការអនុវត្តគោលនយោបាយឈ្នះឈ្នះ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីតែមួយ និងមានការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តមបានបញ្ជាក់ថា អគារសិក្សា ១ខ្នងនេះ មាន៣បន្ទប់ បំពាក់សម្ភារៈបរិក្ខារួចជាស្រេច ដែលជាអំណោយរបស់លោកស្រី គីតាហារ៉ា មីយូមិ សប្បុរសជនជប៉ុនដែលមាន លោក ត្សូណេជិ ណេហ្គីស្ហ៊ី ជាតំណាង តាមរយៈ ប្រធានអង្គការ TDO ក្នុងគោលបំណងលើកស្ទួយវិស័យអប់រំកម្ពុជា ឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមបន្តថា ដូច្នេះសូមក្មួយៗដែលជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិ ត្រូវនាំគ្នាខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង ជួយដល់សង្គម និងគ្រួសារ ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ក្នុងពិធីសម្ពោធនេះលោក ប៉ិច ប៊ុនសុង អភិបាលស្រុកស្វាយអន្ទរ និង មន្ត្រីរាជការ ប្រជាពលរដ្ឋមូលដ្ចានបានចូលរួមអបអរសាទរ និងថ្លែងអំណរអរគុណ ដល់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមការងារដែលបានសាងសង់អាគារបឋមសិក្សាជាប្រយោជន៍ រួមដល់សិស្សានុសិស្សដើម្បីចំណេះដឹង។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមបណ្ឌិតនិង លោកជំទាវ ក៏បានបំពាក់មេដាយ ជូនប័ណ្ណសរសើរ និងបាននាំយកអំណោយចែកជូន តាជី យាយជី, គ្រូបង្រៀន,និងបាននាំយកអំណោយចែកជូន សិស្សានុសិស្ស, យុវជនកាកបាទក្រហម, យុវជនកាយរិទ្ធ, យុវជន ស.ស.យ.ក, , ប្រជាការពារភូមិ, ប៉ូលីសការពារ, កងរាជអាវុធហត្ថការពារ, ក្រុមប្រឹក្សាឃុំ, កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមការងារពិធីការ គិតជាថវិកាសរុបចំនួន ៦០៨.០៩០ដុល្លាអាមេរិច។

ដោយឡែកបន្ទាប់ពីពិធីកាត់ខ្សែរបូណ៍ ប្រគល់នូវអគារសិក្សាចប់រួចរាល់ ក្នុងថ្ងៃនោះដែរ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានចុះទៅសម្ពោធអណ្តូងទឹក ចំនួន៥ទៀត ស្ថិតនៅក្នុងភូមិព្រៃជ្រាំង ភូមិត្របែក ភូមិព្រៃរូង ឃុំពាមរោង និងភូមិខ្សោកខាងជើង ឃុំពពឹស ស្រុកស្វាយអន្ទរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ ទាំងតែខ្វល់ខ្វាយ និងផ្ញើរសេចក្តីនឹករឮក អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ។

ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពេលទទួលបានអណ្តូងទឹកហើយ ត្រូវរួមគ្នាជួយថែរក្សា ដែលជាសម្បត្តិរួម និងការរស់នៅស្អាត អនាម័យស្អាត បរិស្ថានល្អ ទើបមានសុខភាពល្អ ហើយសង្ឃឹមថាអណ្តូងទឹកទាំងនេះ នឹងជួយសម្រួលដល់ការរស់នៅរបស់បងប្អូនយើង ក្នុងការប្រើប្រាស់ទឹកបានគ្រប់គ្នា និងគង់វង្សយូរអង្វែង៕