(ខេត្តព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុប្រាប់អោយដឹងថា កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាជនជាតិចិន ពាក់ព័ន្ធនិងករណី កាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ នៅវេលាម៉ោង៣យប់ទៀបភ្លឺថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍មកថា មានជនជាតិចិន០១ នាក់ ពាក់អាវយឺត ពណ៌ក្រហម ឈរនៅកន្លែងស្ងាត់ នៅចំណុចអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ មានការសង្ស័យ។
បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងនោះ ក៏ប្រទះឃើញមានជនសង្ស័យ ០១នាក់ ជាជនជាតិចិន ដូចដែលប្រជាពលរដ្ឋរាយការណ៍មក សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនោះ និងបានធ្វើការត្រួតពិនិត្យក្នុងខ្លួន រកឃើញអាវុធខ្លី ០១ដើម ម៉ាក K59 ,បង់កាំភ្លើង ០១ មានគ្រាប់ចំនួន ០៤គ្រាប់ , កាតបន្ទប់ ០១ និងទូរស័ព្ទ ០១គ្រឿង ហើយសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ សួរនាំបន្ត ៕