(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពចែកចាយគ្រឿងញៀន ដោយការបារម្ភពីសុវត្ថភាពសន្តិសុខរបស់ខ្លួន ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋផ្តល់ព័ត៌មានថា មានការចែកចាយគ្រឿងញៀន នៅក្នុងភូមិ រួចហើយបានដាក់កម្លាំងចាំឃ្លាំមើលចាប់បានជនសង្ស័យពីរនាក់ជាបន្តបន្ទាប់។
លោកបញ្ជាក់ថា នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៨វិច្ចិកា ២០២០ ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ទេព អ៊ូ ភេទប្រុស អាយុ ៣២ឆ្នាំ និងដកហូតបានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន ០៦កូនថង់តូច និងគ្រាប់ថ្នាំយ៉ាម៉ាពណ៌ក្រហមចំនួន ០៣ថង់តូច ស្មើនឹង ២១គ្រាប់ (ពណ៌ខ្មៅ០១គ្រាប់)។ ភ្លាមៗនោះ តាមចម្លើយជនសង្ស័យ ទេព អ៊ូ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបានចាប់ជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ែន ដា ភេទប្រុស អាយុ ៥៨ឆ្នាំ។ ទាំងពីរនាក់ត្រូវបានឃាត់ខ្លួន នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ដោយផ្អែកលើចម្លើយសារភាពជនសង្ស័យឈ្មោះ ទេព អ៊ូ និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងជំនាញគ្រឿងញៀនមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕