(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រ មឋមសិក្សាបឋមភូមិ (ឌីប្លូម) នៅទូទាំងប្រទេស បាននិងកំពុងដំណើរការតាមការគ្រោងទុក ដោយអនុវត្តវិធានការសុវត្ថិភាព សុខភាពយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់បណ្តាញព័ត៌មាន ។ ការប្រឡងឌីប្លូម សម័យប្រឡង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃដំណើរការប្រឡង ក្រសួងអប់រំ បានអះអាងថា ដំណើរការប្រឡងមានភាពរលូនល្អ ដោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តវិធានការសុវត្ថិភាព សុខភាពខ្ជាប់ខ្ជួន។

សូមជម្រាបថា ការប្រឡងឌីប្លូមសម័យប្រឡង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម សម័យប្រឡង ៣០ វិច្ឆិកា ២០២០ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕