(ព្រះសីហនុ)៖  រសៀលថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក  (បេន ជេមីន វ៉ូឡូស)  អនុប្រធានផ្នែកបេសកកម្ម  នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ក្នុងគោលបំណងឈ្វេងយល់ពីការអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជាការសិក្សា អំពីសក្តានុពលវិនិយោគ និងផ្ដល់ឱកាសសម្រាប់ក្រុមហ៊ុនវិនិយោគសហរដ្ឋអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះ សីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនលោក (បេន ជេមីន វ៉ូឡូស) ថា ក្នុងឆ្នាំ២០២០ រដ្ឋបាលខេត្តបានជួបមន្ត្រីទូតសហរដ្ឋអាមេរិក ៤លើក ទី១ ថ្ងៃ១៤ ខែមករា ជួបឯកអគ្គរដ្ឋទូតអាមេរិក ថ្ងៃ ១១កក្កដា ជួបទីប្រឹក្សាស្ថានទូត ថ្ងៃ ៦វិច្ឆិកា ជួបអនុប្រធានស្ថានទូត និងថ្ងៃ៣០ វិច្ឆិកា ជួបអនុប្រធានផ្នែកបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ខេត្តព្រះសីហនុមានប្រវត្តិទំនាក់ទំនងជាមួយសហរដ្ឋ អាមេរិកជាយូមកហើយ ពិសេសបានកសាងផ្លូវជាតិលេខ៤ ខេត្តមានសក្តានុពល តំបន់ឆ្នេរ កំពង់ផែសមុទ្រទឹកជ្រៅ ។ កន្លងមកមានការធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ និងមាននាវាចូលចតជាបន្តបន្ទាប់ ដោយសារតែជំងឺកូវីដ-១៩ ការចូលចតនាវាត្រូវបានកាត់បន្ថយ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ (វ៉េសដាម) WESTERDAM ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរជនជាតិអាមេរិក និងភ្ញៀវទេសចរសញ្ជាតិផ្សេងទៀតជាង ៤០ប្រទេស យើងក៍បានធ្វើការងារជាច្រើន ជាមួយមន្ត្រីស្ថានទូតសហរដ្ឋ អាមេរិក ។

 ឯកឧត្តម បានបន្តថា ខេត្តព្រះសីហនុ មានហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ៣២ កំពង់ផែអន្តរជាតិទឹកជ្រៅសម្រាប់ការដឹកជញ្ជូនទំនិញ នាំចេញ-ចូល ជាង ៧០ភាគ រយទូទាំងប្រទេស ។  បច្ចុប្បន្នដោយមានការគាំទ្រពីរដ្ឋាភិ បាលជប៉ុន កំពុងកសាង និងអភិវឌ្ឍន៍កំពង់ផែឆ្នាំ២០២០ ដល់ ២០២៥ ជំហានទី១ អាចឱ្យនាវាជំរៅទឹក ៩.៥០ ម៉ែត្រចូលចត ជំហានទី២ អាចឱ្យនាវាជំរៅទឹក ១៣ម៉ែត្រ និងបន្តទៅជំហានទី៣ និងទី៤ ពីឆ្នាំ២០២៥ កសាងកំពង់ផែទឹកជ្រៅអាចឱ្យនាវា មានជំរៅទឹកជ្រៅចូលចត ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ និងមានព្រលានយន្តហោះអន្តរជាតិមានផ្លូវរត់ ៣,២០០ម៉ែត្រ ដែលអាចឱ្យយន្តហោះប្រភេទធំ ចុះចតបាន និងបន្តពង្រីកបន្ទប់រង់ចាំ ។

រាជរដ្ឋាភិបាលបានកសាងផ្លូវល្បឿនលឿនពីភ្នំពេញ មកកាន់ខេត្តព្រះ សីហនុ ដែលបើកកាដ្ឋានសាង សង់កាលពីពាក់កណ្តាលឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២២ ខាងមុខ ជួយកាត់បន្ថយការកកស្ទះ និងពេលវេលា ខេត្តមានផ្លូវដែក មិនទាន់មានក្រុមហ៊ុន ឬអ្នកវិនិយោគលើផ្លូវដែក ។ ហើយអ្វីដែលខេត្តចង់បានទី១.វិស័យសុខាភិបាលទប់ ស្កាត់ និងជំងឺកូវីដ-១៩ វាបង្កហានីភ័យដល់អាយុជីវិតមនុស្សនៅលើពិភពលោក ក៍ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ មកដល់ពេលនេះ មិនទាន់មានប្រទេសណាមួយដោះស្រាយបញ្ហាកូវីដបានទេ ប្រជាពលរដ្ឋរងការភ័យខ្លាចដូចគ្នា កិច្ចការចាំបាច់ជួយគ្នាទប់ស្កាត់ និងជំងឺរាតត្បាត ។ ២.ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ មិនអាចមើលស្រាលត្រូវរួមគ្នាដោះស្រាយ ។ ៣.កិច្ចសហការសន្តិភាព និងស្ថេរភាព សុខសន្តិភាព និងការរស់នៅរបស់ប្រជាពល រដ្ឋយើង ។ ៤.រួមគ្នាអភិវឌ្ឍសង្គមជាតិ មានការរីកចម្រើន ។

ឯកឧត្តម គួច ចំរើន សង្ឃឹម ថា តាមរយៈមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក និងកៀរគរអ្នកវិនិយោគ និងធុរកិច្ចជន ជាតិអាមេរិកមកកាន់ខេត្តព្រះសីហនុ ដើម្បីធ្វើការនាំទំនិញចូលទៅអាមេរិក កាន់តែច្រើនថែមទៀត ព្រោះខេត្តព្រះសីហនុ មានសក្តានុពលឆ្នេរ កោះភ្នំ ជាឱកាសល្អសម្រាប់អ្នកវិនិយោគលើវិស័យទេស ចរណ៍ និងវាយភណ្ឌ ។ ទន្ទឹមនេះយើងចង់ធ្វើឧស្សាហកម្មបច្ចេកវិទ្យា ក៍ប៉ុន្តែគ្នានដៃគូរមកវិនិយោគ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់អ្នកវិនិយោគ និងចង់ជំរុញញខេត្តព្រះ សីហនុ ជាផ្សារហិរញ្ញវត្ថុ។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់កម្មវិធី ឧបត្ថម្ភ សាច់ ប្រាក់ ជូនគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងនោះខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចំនួន ៨,០០០គ្រួសារផងដែរ ។

លោក (បេន ជេមីន វ៉ូឡូស)អនុប្រធានផ្នែកបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា  បានថ្លែងអំណរ  និងអរគុណអភិបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលនាវា (វ៉េសដាម) ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាពេលកន្លងមក ហើយជាសកម្មភាពការងារមនុស្សធម៌ ។ ទីក្រុងព្រះសីហនុ ជាក្រុងសំខាន់ ហើយយើងនឹងធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កន្លងមកសហរដ្ឋអាមេរិក បានផ្តល់ថវិកា ១១លានដុល្លា លើផ្នែកថ្នាំពេទ្យសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ដើម្បីឆ្លើយតបបញ្ហាប្រឈមនានា ជាមួយវិស័យឯកជន និងឈ្វេងរកវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ និងចេញនៅ ខែធ្នូ ឆ្នាំ២០២០ខាងមុខ សហរដ្ឋអាមេរិក បានដើរតួនាទីសកម្ម លើផ្នែកវិនិយោគ ពាណិជ្ជកម្ម ទោះបីមានវិបត្តិយ៉ាងណា កំណើនសេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់  ហើយឆ្នាំនេះ ជាគម្រប់ខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានភាពរឹងមាំ ក្នុងការជួយគ្នាទៅវិញ ទៅមក ។ លោក (បេន ជេមីន វ៉ូឡូស)បានបន្តថា ក្រោយចប់កូវីដ លោកនឹងដឹកនាំក្រុមហ៊ុនឯកជន និងធុរកិច្ចសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ច សិក្សាឈ្វេងយល់ពី សក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ ៕