(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា(NACC) បានដឹកនាំក្រុមការងារ NACC Team Against Covid-19 បានចុះធ្វើយុទ្ឋនាការប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជម្ងឺខូវីត១៩ នៅអគាររដ្ឋបាលខ័ណ្ឌបឹងកេងកង អគាររដ្ឋបាលកងរាជអាវុធហត្ថខ័ណ្ឌបឹងកេងកង និងអគាររដ្ឋបាលគណបក្សប្រជាជនកម្ពុជាខ័ណ្ឌបឹងកេងកង ។

នៅក្នុងឱកាសនោះលោក សោម អូន បានលើកឡើងថា ក្រុមស្មគ្រចិត្តរបស់លោកនៅតែបន្តធ្វើយុទ្ឋនាការគ្រប់ទីកន្លែង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងរាលដាលជម្ងឺខូវីត១៩ ។

លោក សោម អូន បានបន្តថា ព្រឹត្តិការសហគមន៍ ២៨វិច្ឆិកា គឺជារលកថ្មីមួយទៀតដែលជម្ងឺខូវីត១៩ បានវាយលុកចូលសហគមន៏ ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមប្រយុទ្ឋប្រឆាំងទាំងអស់គ្នា ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង វិធានការណ៍របស់ក្រសួងសុខាភិបាល ។

លោក សោម អូន បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាជនកម្ពុជា គឺមានសារសំខាន់ណាស់ ដើម្បីធ្វើឲ្យផែនការយុទ្ឋសាស្ត្រ នៃការគ្រប់គ្រងស្ថានភាពជម្ងឺខូវីតទទួលបានជោគជ័យ និងមិនរីករាលដាលធ្ងន់ធ្ងរ ៕