(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ៤នាក់ ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅមុននេះបន្តិច បានបញ្ជាក់ថា អ្នករកឃើញវិជ្ជមានវីរុសកូវីដ១៩ ទាំង ៤នាក់ នោះរួមមាន៖

១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

៣៖ កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុស បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០។

 

៤៖ បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ ២១ឆ្នាំ ដែលបានចូលទៅហាងនោះ។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ៤នាក់ ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៩៦នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែម នៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ១,០២៧នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៧៩សំណាកផ្សេងទៀត ដែលត្រូវ វិភាគបន្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។

គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៩,៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយសង្កេតឃើញថា មានការកើនឡើងនូវអ្នកជំងឺកូវីដ-១៩ ដែលមានការចម្លងបន្តគ្នាពីកន្លែងមួយ ទៅកន្លែងមួយ ហើយការរុករកស្រាវជ្រាវ កំពុងតែត្រូវបានធ្វើយ៉ាងសកម្មនោះ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យគ្រប់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ ជាពិសេសអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺដែលធ្វើការនៅធនាគារកាថេ (ផ្លូវសម្ដេចប៉ាន) និងធនាគារចិន (អាគារកាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស) ក្នុងរាជធានីភ្នំពេញ តម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័កនៅតាមខេត្ត ឱ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួន កុំឱ្យចម្លងទៅអ្នកដទៃ ឱ្យបានត្រឹមត្រូវជាទីបំផុត ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ឱ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងកុំឱ្យមានការរាតត្បាតនៅក្នុងសហគមន៍។

អាជ្ញាធរថ្នាក់ក្រោមជាតិ មានបន្ទុកទទួលខុសត្រូវ លើការចាត់ចែងគ្រប់គ្រង និងតាមដានការធ្វើចត្តាឡីស័កនេះ ដោយបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវផ្ទាល់ខ្លួន ក្នុងការរក្សាការពារខ្លួនកុំឱ្យមានការឆ្លងវីរុសកូវីដ-១៩ មកខ្លួនឯង ទៅអ្នកដទៃ និងនៅក្នុងសហគមន៍ ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍ បានចៀសផុតនូវការឆ្លងជំងឺដ៏ កាចសាហាវនេះ។

សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ជាពិសេសនៅក្នុងកាលទេសៈនេះ សូមកុំដើរចេញក្រៅផ្ទះ បើមិនចាំបាច់ តែបើអាក់ខានមិនបានពេលចេញដើរ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬមួយអាល់ កុល ឬទឹកដែលសម្រាប់លាងដៃ ឱ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕