(ខេត្តព្រះសីហនុ) លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលព័ត៌មានពីការ ប្រទះឃើញសាកសពក្នុងរថយន្ដHighlander ពណ៌ស ពាក់ស្លាកលេខ៖ភ្នំពេញ2AC-3012 ចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ  ។ ក្រោយពេលពិនិត្យ និងកោសល្យវិច័យ ជាលទ្ធផល៖ សព ភេទប្រុស ជាជនជាតិចិន (មិនស្គាល់អត្ដសញ្ញាណ) ស្លាប់ដោយករណីឃាតកម្ម(បាក់កស្លាប់) ។

នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ  ខណៈពេលជននេះ រួមនឹងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ ។

ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេ និងបក្ខពួកបានយកសាកសពចុះពីជាន់លើ នៃកាស៊ីណូ ចុះមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក High lander ពណ៌ស ពាក់ស្លាកលេខ៖ភ្នំពេញ2AC-3012 យកទៅប្លុងចោល ។

នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដប្រតិបត្ដិការ ដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ(កន្លែងកើតហេតុ) ។

*ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីនេះ សរុបចំនួន ០៣នាក់ ជនជាតិចិន ០៣នាក់ (ស្រីៈ០១) ដែលក្នុងនោះមាន៖

១-ឈ្មោះ Li Feng ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរៈសន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EE6258754 ស្នាក់នៅកន្លែងកើតហេតុ ។(ជាចារី)

២-ឈ្មោះ Yu Yan Long ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរៈសន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EH1515086 ស្នាក់នៅកន្លែងកើតហេតុ ។(ជាសហចារី)

៣-ឈ្មោះ Tu Lin ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរៈអ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ៖G53041257 ស្នាក់នៅកន្លែងកើតហេតុ ។(អ្នកសមគំនិត)

*សម្ភារៈវត្ថុតាងចាប់ដកហូតបានរួមមាន៖

-រថយន្ដ០១គ្រឿងម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ៖ភ្នំពេញ2AC-3012 (មធ្យោបាយធ្វើសកម្មភាព)

-ក្បាលឌីវីអ័រ ចំនួន០២គ្រឿង (មានលេខ៖E24204346 និងលេខ៖E2420304)

-ហាតឌីស ចំនួន០១គ្រឿង មានលេខ៖ZGY6KRV4 ។

-ទូរស័ព្ទដៃចំនួន ០៣គ្រឿង

-លិខិតឆ្លងដែនចំនួន ០២ក្បាល(លេខ៖G53041257 និងលេខ៖EH1515086)

-កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១

-រថយន្ដ០១គ្រឿងស្ដារិក ពណ៌ខ្មៅ ពាក់ស្លាកលេខ៖ភ្នំពេញ2AZ-9280

បច្ចុប្បន្ន ជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដ ចាត់ការបន្ដតាមផ្លូវច្បាប់៕