(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ «ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»។

ខ្លឹមសារលិខិតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានថ្លែងថា «ខ្ញុំសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងមោះមុត ចំពោះប្រធានបទ «ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន» ដែលមានគោលបំណងអំពាវនាវ និងលើកទឹកចិត្តប្រជាពលរដ្ឋទូទៅ នៅលើសកលលោកចូលរួមដោយស្ម័គ្រចិត្ត ចងកម្លាំងសាមគ្គីភាព ចែករំលែកក្ដីស្រឡាញ់ និងស្នាមញញឹមក្នុងកិច្ចសហការជាមួយគ្នា យ៉ាងជិតស្និទ្ធប្រមូលផ្ដុំការឆ្លើយតបជារួម និងជាសកលពីសហគមន៍ជាតិ-អន្ដរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាប្រឈមជាសកលមួយចំនួនទៀត»

សារលិខិតដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងបន្តថា ក្នុងបរិបទកូវីដ-១៩ អ្នកស្ម័គ្រចិត្តរបស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាអ្នកមានបទពិសោធន៍ជ្រៅជ្រះ ក្នុងការងារគ្រោះមហន្ដរាយ គឺពុំបាននឿយណាយឡើយ ក្នុងការបន្ដស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ពោលគឺអ្នកស្ម័គ្រចិត្តបាន និងកំពុងខិតខំប្រឹងប្រែងជួយដល់សហគមន៍ ងាយរងគ្រោះទាំងឡាយ ក្នុងការជំនះឱ្យបានវិបត្តិភ័យ នៃជំងឺរាតត្បាត ជាសកលដ៏កាចសាហាវមួយនេះ។

នៅគ្រប់ទីកន្លែង អ្នកស្ម័គ្រចិត្តបាន និងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហាន ដើម្បីជំនះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង។

ជាក់ស្ដែងនៅកម្ពុជាយើង ទន្ទឹមនឹងសេចក្ដីសម្រេចជាយុទ្ធសាស្ដ្ររបស់ រាជរដ្ឋាភិបាលរួមជាមួយវិធានការជាក់លាក់ និងម៉ឹងម៉ាត់ជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដូចជា ក្នុងការឆ្លើយតបទឹកជំនន់ថ្មីៗនេះ យើងបានឃើញសន្ទុះ នៃការចូលរួមដោយស្ម័គ្រចិត្ត នៅក្នុងគ្រប់ស្រទាប់ នៃកងកម្លាំងរបស់រដ្ឋបាលថ្នាក់ជាតិ- ថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ សប្បុរសជន វិស័យឯកជន មន្ដ្រីរាជការ ចលនាយុវជន។ល។ ចងជាកម្លាំងសាមគ្គីភាព ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំជួយសម្រាលបន្ទុកដ៏ ធ្ងន់របស់រាជរដ្ឋាភិបាល។