(ខេត្តបន្ទាយមានជ័យ)៖ សណ្តាប់ធ្នាប់ចរាចរណ៍ និងការដាក់តាំងលក់ទំនិញរបស់អាជីវករ នៅចំណុចផ្សារត្រី និងផ្សារអគ្គៈក្រុងប៉ោយប៉ែត មានរបៀបរៀបរយ ទាំងផ្នែកសណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាពល្អប្រសើរជាងមុន បន្ទាប់ពីការរៀបចំជាច្រើនសារ របស់អាជ្ញាធរ និងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត។

លោក ឈឿន ប៊ុនថា អធិការរងទទួលផែនការងារចរាចរណ៍ក្រុងប៉ោយប៉ែត បានប្រាប់ថា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២០ ដោយទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត កម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះរៀបសណ្តាប់ជុំវិញផ្សារអគ្គៈថ្មី ផ្សារត្រី នឹងនៅតាមបណ្ដាផ្លូវមួយចំនួនទៀត ឃើញថា ការឈប់ចតយានជំនិះគ្រប់ប្រភេទមានសណ្ដាប់ធ្នាប់ មិនប៉ះពាល់ដល់ផ្លូវថ្មើរជើង ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈ ជាពិសេសការវេចខ្ចប់ទុកដាក់សំរាម និងការបញ្ចេញសំរាម របស់ប្រជាពលរដ្ឋកាន់តែមានភាពយល់ដឹងច្រើន និងមានសោភ័ណភាពល្អប្រសើរឡើងជាងមុន។

លោក ឈឿន ប៊ុនថា បញ្ជាក់ថា  បងប្អូនប្រជាពលរដ្ឋអាជីវករមួយចំនួនធំ បានចូលរួមសហការជាមួយសមត្ថកិច្ច អាជ្ញាធរបានល្អហើយ ទាក់ទងនិងការដាក់តាំងលក់ដូរទំនិញអីវ៉ាន់ផ្សេងៗ និងបន្លែត្រីសាច់ ម្ហូបអាហារ ឃើញថាមានរបៀបរៀបរយល្អហើយ។

ដោយឡែកនៅតែពលរដ្ឋ និងអាជីវករមួយចំនួនតូចប៉ុណ្នោះ ដែលមិនទាន់បានចូលរួម។ ទោះជាយ៉ាងសមត្ថកិច្ច និងអាជ្ញាធរនិងព្យាយាមចុះរៀបចំ ណែនាំដល់ពួកគាត់ឲ្យបានញឹកញាប់ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ចរាចរណ៍ អនាម័យបរិស្ថាន សោភ័ណភាពក្រុង ឲ្យមានភាពកាន់តែល្អប្រសើរជាងនេះថែមទៀត៕