(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ បានបង្ហាញមុខជនសង្ស័យចំនួន៦នាក់ ដែលធ្វើសកម្មភាពទាំងថ្ងៃ ទាំងយប់លួចកាច់កម៉ូតូ ទទួលផលចោរកម្ម និងអ្នកកែឆ្នៃបំភាន់ភ្នែកសមត្ថកិច្ច លួចនៅក្រុងប៉ោយប៉ែត យកទៅលក់បន្តនៅខេត្តបាត់ដំបង។
លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ទាំង៦នាក់ ១.រឿន ពិសិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ (ជាអ្នករកទីផ្សារលក់ម៉ូតូ) ២.ម៉ៅ មករា ហៅអារាមីន ភេទប្រុស អាយុ ១៦ឆ្នាំ (ជាជនដៃដល់កាច់សោរ(ក)ម៉ូតូសកម្ម)។ ៣.តឿន ពាង ហៅម៉ឹន ហៅរើន ភេទប្រុស អាយុ ១៦ឆ្នាំ (បក្ខពួក)។ ៤. កាន រ៉ង ភេទប្រុស អាយុ ១៦ឆ្នាំ (បក្ខពួក) ក្រុមចោរនិងបក្ខពួកទាំង ០៤នាក់ ឃាត់ខ្លួននៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត និងមានទីលំនៅ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំណែកអ្នកទិញ និងអ្នកកែច្នៃជនសង្ស័យទី៥.ឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកទទួលទិញម៉ូតូពីចោរ) និងទី៦.ឈ្មោះ វឿ សូវៀត ភេទប្រុស អាយុ ២៦ឆ្នាំ (ជាងជួសជុលនិងកែច្នៃម៉ូតូ) ទាំងពីរនាក់ មានទីលំនៅ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក សៅ សារឿន បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នគរបាលជំនាញក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវឈានដល់ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅថ្ងៃទី០៤,០៥ ខែធ្នូ ឆ្នាំ២០២០ បាន៦នាក់ និងដកហូតបានម៉ូតូចំនួន ៥គ្រឿង ហើយ៣គ្រឿង ប្រគល់ជូនម្ចាស់វិញ នៅសល់២គ្រឿងទៀតរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំពុងស្វែងរកម្ចាស់។
ចំណែកជនសង្ស័យទាំង ៦នាក់ ត្រូវបានបញ្ជូនទៅកាន់នគរបាលជំនាញខេត្ត ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ថា ម៉ូតូដែលដកហូតបានពីជនសង្ស័យ ត្រូវបានជនសង្ស័យដោះអាវ ប្តូរស្លាកលេខ និងកាច់សោរ(ក)ម៉ូតូ ដើម្បីបំភាន់ដានសមត្ថកិច្ច៕