(ខេត្តព្រះសីហនុ)៖  លោកអនុសេនីយ៍ឯក ម៉ែន  វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា នៅម៉ោងជាង ៣ រសៀលថ្ងៃទី៦ ធ្នូ២០២០ នេះកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ដឹកនាំដោយលោកផ្ទាល់ បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែង នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ។

ការចុះបង្រ្កាបនោះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាង មាន់ជល់ចំនួន ៣ក្បាល និងម៉ូតូចំនួន ៣គ្រឿង យកទៅរក្សាទុកនៅអាវុធហត្ថស្រុកព្រៃនប់ ។ លោកមេបញ្ជាការរងបានបន្តថា ក្រៅពីបង្ក្រាបទីតាំងជល់មាន់នេះ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ អនុវត្តតាមការណែនាំរបស់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ  បានបំបែកហ្វូងការជួបជុំដែលមានមនុស្សចំនួនច្រើន  ដើម្បីពង្រឹងវិធានការ បង្ការទប់ស្កាត់ និងការចម្លងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ ដោយ៖ kim Vathana