(ហ្សាការតា)៖ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ប្រទេសឥណ្ឌូណេស៊ីបានទទួលវ៉ាក់សាំង COVID-19 ដំបូង ដែលដឹកតាមកប៉ាល់ពីប្រទេសចិននោះហើយ កាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលប្រទេសបងធំអាស៊ានមួយនេះ កំពុងតែត្រៀមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងទ្រង់ទ្រាយធំតែម្តង នៅពេលដែលអ្វីៗត្រូវបានត្រៀមរួចរាល់។

ជុំវិញការមកដល់នៃវ៉ាក់សាំងខាងលើនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានធ្វើសេចក្តីប្រកាសមួយ តាមប្រព័ន្ធអនឡាញកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកបានទទួលវ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងចំនួន ១.២លានដូសពីក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac Biotech) ដែលវ៉ាក់សាំងប្រភេទនេះ ឥណ្ឌូណេស៊ីធ្លាប់ទទួលយកមកធ្វើតេស្ត ទ្រង់ទ្រាយធំ កាលពីខែសីហាកន្លងទៅនេះ។

លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងថា «យើងបានត្រៀមរៀបចំអស់ជាច្រើនខែ តាមរយៈការសាកល្បងនៅក្នុងខេត្តមួយចំនួន ហើយខ្ញុំប្រាកដថា នៅពេលដែលយើងសម្រេចថា នឹងប្រើវាបាន នោះយើងអាចចាប់ផ្តើមចាក់វ៉ាក់សាំង ហើយអ្វីគ្រប់ៗយ៉ាង នឹងត្រូវត្រៀមឲ្យរួចរាល់…»។

លោក ចូកូ វីដូដូ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសឥណ្ឌូណេស៊ីនឹងត្រៀមទទួលវ៉ាក់សាំងដដែលនេះ ១.៨លានដូសទៀតនៅដើមខែមករា ឆ្នាំ២០២១។ វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ខាងលើនេះ ក៏កំពុងស្ថិតនៅក្នុងការធ្វើតេស្តផងដែរ នៅប្រទេសប្រេស៊ីល និងតួកគី ហើយសម្រាប់ប្រេស៊ីល លទ្ធផលនៃការធ្វើតេស្តជារួម នឹងត្រូវចេញនៅពាក់កណ្តាលខែធ្នូនេះ។

គួរបញ្ជាក់ថា ប្រទេសធំជាងគេនៅអាស៊ាន ដែលមានប្រជាជនសរុប ២៧០លាននាក់មួយនេះ រំពឹងថា ខ្លួននឹងទទួលបានវត្ថុធាតុដើមសំខាន់ៗ ដើម្បីផលិតវ៉ាក់សាំង COVID-19 នៅក្នុងស្រុកតែម្តង ឲ្យបានរហូតដល់ ៣០លានដូសនៅក្នុងខែមករា ឆ្នាំ២០២០។

បច្ចុប្បន្នឥណ្ឌូណេស៊ីមានករណីឆ្លង ជំងឺរាតត្បាតសកលនេះ សរុបជាងកន្លះលាននាក់ ក្នុងនោះស្លាប់ជាង ១៧,៧០០នាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍៕