(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សូមប្រកាសតាមបណ្តាញព័ត៌មាន ដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ ចំនួន ១៥៤៤នាក់ ដែលបានធ្វើតេស្តយកសំណាកលើកទី១ (ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា) ត្រូវមកតេស្តយកសំណាកលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន ឲ្យដឹងថា «សូមជំរាបបន្ទាន់ដល់មន្រ្តីក្រសួងមហាផ្ទៃ ដែលបានយកសំណាកលើកទី១ ឲ្យមកយកសំណាក នៅព្រឹកថ្ងៃនេះ នៅក្រសួងមហាផ្ទៃទាំង ១៥៤៤នាក់ បូកនឹងអគ្គនាយកដ្ឋានរដ្ឋបាលទាំងអស់»។
ដោយឡែកក្រសួងសុខាភិបាល បានកំណត់ទីតាំង ៥កន្លែង សម្រាប់ធ្វើតេស្តយកសំណាក អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល «ព្រឹត្តិការណ៍ ២៨វិច្ឆិកា» នៅអង្គារ៍ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។