(ខេត្តបន្ទាយមានជ័យ)៖ សង្ស័យស្រវឹងស្រា បើករថយន្តរ៉េចង្កូតបុករបងផ្ទះអ្នកស្រុក បង់សំណង៤០០ដុល្លារ បញ្ចប់រឿង ហេតុការណ៍នេះ កើតឡើងនៅម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរធានាគារអម្រិត ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
អ្នកឃើញហេតុការណ៍ប្រាប់ថា រថយន្តម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ស្លាកលេខបាត់ដំបង2B-9934 បើកបរក្នុងល្បឿនលឿន ទំនងជាង ១០០គីឡូម៉ែត្រក្នុងមួយម៉ោង មុនកើតហេតុ បានបើកពីទិសកើតទៅលិចវ៉ាជេងរថយន្តបាឡែន មួយគ្រឿង ដោយល្បឿនលឿនគ្រប់គ្រងស្ថានការមិនបាន ក៏បើករ៉េចង្កូតឡើងបុកខឿនផ្លូវជាតិលេខ៥ ជ្រុលទៅបុករបងផ្ទះអ្នកស្រុក ប្រេះរបងផ្ទះ ចំណែករថយន្តផ្ទុះពងបែកកង់មុខ និងខ្ទេចផ្នែកខាងមុខទាំងស្រុង តែសំណាងអ្នកបើកបររថយន្តមិនរងរបួស និងមិនបានធ្វើឲ្យនរណាម្នាក់ទទួលរងរបួសឡើយ ក៏បើកទ្វារចុះរត់គេចខ្លួន។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានមកចរចាជាមួយម្ចាស់ផ្ទះ សងថ្លៃសំណង ៤០០ដុល្លារ ដើម្បីជួសជុលរបងឡើងវិញ ហើយបញ្ជាប់រឿង ចំណែករថយន្តត្រូវបានម្ចាស់រៀបចំស្ទូចរថយន្ត យកទៅជួសជុលដោយខ្លួនឯងផងដែល៕ ដោយ៖ sao nov