(ខេត្តព្រះសីហនុ) ៖ ផ្លូវទាំង ៣៤ខ្សែ នៅក្នុងស្រុកព្រៃនប់ និងនៅក្រុងខេត្តព្រះសីហនុ ត្រូវបានចាប់ផ្ដើមធ្វើការចាក់អ៊ុតក្រាលកៅស៊ូ ដែលចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ។ ហើយនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តរួមជាមួយនឹង មន្ត្រីជំនាញបានចុះពិនិត្យមើលដំណើរការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មួយចំនួនទៀតនៅក្នុងក្រុង ដូចជាផ្លូវបំបែក ពីរផ្លូវសេតេមកផ្លូវ សង្កាត់លេខ២ ដែលជាផ្លូវរំដោះការកកស្ទះចរាចរណ៍ នៅផ្សារពាណិជ្ជកម្ម និងការពិនិត្យមើលការសកម្មភាពការស្ថាបនាចាក់ផ្លូវបេតុង ផ្លូវលេខ២០០ នៅមុខការ៉ាសសាំង TOTAL ផ្លូវទៅផ្សារលើ។

គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ។ ជាជំហានដំបូងនេះ ក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើផ្លូវធំៗជាមុន និងបន្តទៅផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។

នៅក្នុងដំណើរការ នៃការចុះពិនិត្យមើលអំពីសកម្មភាពស្ថាបនានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យក្រុមបច្ចេកទេស ធ្វើយ៉ាងណាធានាបាននូវ បរិមាណ គុណភាព តាមស្តង់ដារ និងមានសោភ័ណភាព ជាប់បានយូរអង្វែងសម្រាប់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល ។

ចំពោះការចាក់អ៊ុតបេទីមនេះ គឺ ក្រុមហ៊ុនប្រើពេលវេលា ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ២០២១ ខាងមុខនេះផងដែរ ៕ ដោយ៖ VUN SOK CHEA