បន្ទាយមានជ័យ៖ ក្រុមហ៊ុន CTII Construction Technology Institution International របស់ជប៉ុនបានមកសាកល្បងដំបូងនៅប្រទេសកម្ពុជា ដោយជួសជុលផ្លូវជាតិលេខ ៥ ប្រវែងជាង៥៤៣ម៉ែត្រ សងខាងស្ពានសែសិន ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ។
ឱកាសនោះដែរ មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសផ្លូវថ្នល់កម្ពុជា បានទៅស្រង់បទពិសោធន៍ពីក្រុមហ៊ុន CTII របស់ជប៉ុនដែលជួសជុលផ្លូវចំណាយតិច តែមានគុណភាពខ្ពស់អាចប្រើបានយូរ។

តំណាងក្រុមហ៊ុនCTII លោក កាជេ ម៉ាសា ឱ្យដឹងថា បច្ចេកទេសជួសជុលផ្លូវកៅស៊ូបែបនេះងាយស្រួលអាចធ្វើបាននៅគ្រប់កន្លែង ហើយកាត់បន្ថយចំណាយ៥០% បើប្រៀបធៀបនឹងការស្ថាបនាផ្លូវថ្មី។ លោកបានបន្ថែមថាការជួសជុលផ្លូវក្រាលកៅស៊ូប្រើរូបមន្តរបស់ក្រុមហ៊ុន គឺភ្ជួរថ្នល់ចាស់ដែលខូចដោយមិនបាច់យកបន្សំវត្ថុធាតុសំណង់ ឬអ្វីៗចាស់ពីទ្រូងនៃគ្រឹះផ្លូវឡើយ ដោយគ្រាន់តែកិនបង្ហាប់ កៀរលើទ្រូង និងស្ថាបនាឡើងវិញដោយផ្សំជាមួយវត្ថុធាតុសំណង់គឺស៊ីម៉ងត៍ និងទឹកកៅស៊ូអេម៉ូសិនរបស់ក្រុមហ៊ុនតែប៉ុណ្ណោះជាការស្រេច។
លោកបណ្ឌិត យិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសាធរណការ និងដឹកជញ្ជូន លោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីបច្ចេកទេសចូលរួមពិនិត្យ សិក្សា ស្រង់ពិសោធន៍ពីរូបមន្តនេះបាននិយាយថា រូបមន្តនៃបច្ចេកទេសជួសជុលផ្លូវកៅស៊ូបែបនេះ ខាងក្រុមហ៊ុនថា អាចចំណេញលើចំណាយដូចខាងលើ ហើយសមត្ថភាពទ្រូងផ្លូវអាចធានាការប្រើប្រាស់បាន១០ឆ្នាំ ។
លោក យឹត ប៊ុណ្ណា បន្តថា ក្រសួងគិតថា ស្ថានភាពផ្លូវថ្នល់កៅស៊ូនៅកម្ពុជាគឺរងការខូចខាតច្រើន ហើយសមត្ថភាព និងលទ្ធភាពប៉ុណ្ណឹង យើងអាចធ្វើបាននេះជាប្រយោជន៍ពីរូបមន្តថ្មីដែលថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសពីក្រសួង ពីមន្ទីរសាធារណការ និងដឹកជញ្ជូនចុះមកឈ្វេងយល់ សិក្សា និងអាចយកទៅប្រើប្រាស់នាពេលអនាគតបាន។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្នុងនាមអាជ្ញាធរខេត្ត លោកសូមស្វាគមន៍ និងថ្លែងអំណរគុណក្រុមហ៊ុន CTII ដែលធ្លាប់ជួយជួសជុលផ្លូវនិងបង្កាន់ដៃផ្លូវនៅស្ពានទឹកថ្លា និងជួសជុលផ្លូវនៅស្ពានសែសិននាក្រុងសិរីសោភ័ណនេះ។
លោកបានសំណូមពរដល់ក្រុមហ៊ុន ប្រើរូបមន្តនៃបច្ចេកទេស និងវត្ថុធាតុដើមបែបនេះ សាកល្បងជួសជុលផ្លូវដែលខូចខាតនៅកន្លែងផ្សេងទៀតក្នុងខេត្តឲ្យបានច្រើនទើប ធ្វើឲ្យមន្ត្រីជំនាញដកពិសោធន៍បានកាន់តែល្អ៕
