(កណ្តាល)÷ ករណីជនសង្ស័យម្នាក់ លួចគោបម្រុងយកទៅលក់ ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញធ្វើការឃាត់ខ្លួន នៅត្រង់ចំណុចខ្នងប្រឡាយ អមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ លាស់ សុខខេន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ លឹម សុខ ហៅធំ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រា ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ជនរងគ្រោះ បានបាត់បង់សត្វគោញី ចំនួនមួយក្បាល (យកបានមកវិញ)។

វត្ថុតាងចាប់យករួមមាន៖ សត្វគោញីចំនួន មួយក្បាល ពណ៌ស ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានដឹកសត្វគោចំនួន បីក្បាល មេចំនួនពីរក្បាលនឹង កូនចំនួនមួយក្បាល យកទៅចងនៅចំណុចកើតហេតុខាងលើ ។ ជនសង្ស័យបានដើរចេញពីផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ទៅទិសខាងកើត រហូតដល់ចំណុចកើតហេតុ បានឃើញសត្វគោចំនួន បីក្បាល ហើយក៏បានស្រាយខ្សែសត្វគោញី មួយក្បាល ដើម្បីដឹកយកទៅលក់ នៅម្ដុំផ្សារថ្នល់ទទឹង ។ នៅពេលជនសង្ស័យដឹកសត្វគោ ដល់ចំណុចភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ក៏បានជួបនឹងសមត្ថកិច្ចប៉ុស្ដិ៍កំពុងល្បាត ដោយមានការសង្ស័យក៏បានឃាត់សួរនាំ ទើបជនសង្ស័យបានឆ្លើយសារភាពថា សត្វគោនោះខ្លួនបានលួចមកពីចំណុចកើតហេតុខាងលើ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនធ្វើសកម្មភាពលួចលើកទីមួយ ។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕ដោយ៖ sokia