(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ទំនងរស់នៅក្នុងប្រទេសកម្ពុជា បានបង្ហោះវីដេអូសម្ញែងកាំភ្លើងទំនើបៗជាច្រើន នៅលើបណ្ដាញសង្គម Tik Tok ហើយត្រូវបានគេយកមកចែកចាយបន្ដនៅលើ Facebook។

មូលហេតុដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook សន្និដ្ឋានថា បុរសជនជាតិចិននេះ រស់នៅក្នុងប្រទេសកម្ពុជា ព្រោះក្នុងវីដេអូខ្លះថតឃើញមានផ្លាកយីហា ជាអក្សរខ្មែរ និងវីដេអូខ្លះទៀត ថតនៅពេលគេកំពុងធ្វើដំណើរតាមផ្លូវ។

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ថា ជនជាតិចិនខាងលើនោះ ជានរណានោះទេ ប៉ុន្ដែគ្រាន់តែគេងឿងឆ្ងល់ថា ហេតុអ្វីបានជាជនបរទេសរូបនេះ មានកាំភ្លើងទំនើបៗកាន់នៅក្នុងដៃ ហើយថតបង្ហោះសំញែងគេឯង នៅលើបណ្ដាញសង្គមបែបនេះទៅវិញ? ក្រៅពីការបង្ហាញកាំភ្លើង ជនជាតិចិននេះ ក៏បានថតបង្ហាញនូវលុយដុល្លារជាច្រើនដុំ ផងដែរ។

ពាក់ព័ន្ធករណីនេះ មន្ដ្រីនគរបាលជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ បានបង្ហើបប្រាប់បណ្ដាញព័ត៌មានដឹង នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើ ករណីនេះផងដែរ។

បើតាមអ្វីដែលជាការលើកឡើងនៅលើបណ្ដាញសង្គម ប្រជាពលរដ្ឋជំរុញឲ្យសមត្ថកិច្ច ត្រូវខិតខំស្រាវជ្រាវលើករណីនេះ ព្រោះការបង្ហាញសកម្មភាពបែបនេះ ហាក់មិនជះផលល្អទាល់តែសោះ នៅក្នុងប្រទេសកម្ពុជា ពោលពួកគេព្រួយបារម្ភពីរឿងអសន្ដិសុខផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕