(ខេត្តបន្ទាយមានជ័យ)៖ គ្រាប់យុទ្ធភ័ន្តមិនទាន់ផ្ទុះចំនួន ៥គ្រាប់ ដែលមន្ត្រីស៊ីម៉ាក់រ៉ាវរកឃើញ ត្រូវបានដុតកម្ទេចចោលនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ នៅលើដីមូលដ្ឋានអភិវឌ្ឍន៍ថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសេសសល់ពីសម័យសង្គ្រាម នៅចំណុចបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ។

មន្ត្រីស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់ដែលរ៉ាវរកឃើញ និងធ្វើការកម្ទេចចោលនេះ មានចំនួន៥គ្រាប់ មានប្រភេទ គ្រាប់ត្បាល់៨២ មីលីម៉ែត្រមួយគ្រាប់, គ្រាប់៦០មីលីម៉ែត្រមួយគ្រាប់ ,គ្រាប់១០០មីលីម៉ែត្រមួយគ្រាប់, និងគ្រាប់ដេការ៧៥ចំនួន ២គ្រាប់។

មន្ត្រីស៊ីម៉ាក់បញ្ជាក់ថា គ្រាប់យុទ្ធភ័ន្តមិនទាន់ផ្ទុះ ដែលមន្ត្រីជំនាញរកឃើញនោះគឺ មានហានីភ័យខ្ពស់ព្រោះគ្រាប់ទាំងនោះដែលនៅសេសសល់ពី សង្គ្រាមអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ ឬសត្វពាហនៈ ដែលដើរឆ្លងកាត់ទៅជាន់មិនបានមើលឃើញ។

ចំពោះកម្លាំងជំនាញស៊ីម៉ាក់ និងបន្តសហការជាមួយរាជរដ្ឋាភិបាល ដើម្បីដោះគ្រាប់ម៉ីនឲ្យអស់ពីតំបន់អភិវឌ្ឍន៍បឹងជង្រុកឲ្យអស់ ដោយមិនកំណត់ពេលវេលា ប៉ុន្តែធ្វើដោយមមាញឹកបំផុត។

ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានឲ្យដឹងថា បន្ទាប់ក្រុមការងារដោះស្រាយទំនាស់ដីធ្លីចប់ ដើម្បីជាសុវត្ថភាពដល់បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋានថ្មីនេះ មន្ត្រីស៊ីម៉ាក់ បានខិតខំរ៉ាវរកឃើញគ្រាប់យុទ្ធភន្ត័មិនទាន់ផ្ទុះអស់រយៈពេលជាច្រើនថ្ងៃ ហើយនិងបន្តរុករកបន្ថែមទៀត ឲ្យគ្រប់នៅទំហំដី៣ ០៤ហិកតា និងទីតាំងផ្សេងៗទៀត។

ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺផ្ទៃដី៣០៤ហិកតា ដែលត្រូវអភិវឌ្ឍន៏បន្ទាន់តែម្ដង ដើម្បីបង្កើតភូមិឋានថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕